ឯកឧត្តម គួច ចំរើន ចូលរួមសម្តែងការសោកស្តាយ ដល់ក្មេងៗជាជនរងគ្រោះដែលបានស្លាប់ និងរបួសក្នុងករណីគ្រោះថ្នាក់ដែលបង្កដោយរថយន្តដឹកគ្រឿងចក្រ ហេីយតៃកុងឡានក៏រត់គេចខ្លួនបាត់
ក្រុងព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះក្មេងៗមិនទាន់គ្រប់អាយុដែលបានជួបគ្រោះថ្នាក់ជាមួយនឹងរថយន្តធុនធំបណ្តាលឲ្យស្លាប់២ និងរបួស៣នាក់។ ដោយ ឯកឧត្តម បានសរសេររៀបរាប់ថា ៖ ” ខ្ញុំសូមចូលរួមសម្តែងការសោកស្តាយ និងគួរអោយអាសូរក្មេងៗមិនទាន់គ្រប់អាយុជិះម៉ូតូឌុបគ្នារហូតដល់៥នាក់ បណ្តាលអោយជួបគ្រោះថ្នាក់ជាមួយរថយន្តដឹកគ្រឿងចក្រ ហេីយតៃកុងឡានក៏រត់បាត់ទៀត។ ខ្ញុំសូមអំពាវនាវអោយប្រជាពលរដ្ឋដែលប្រេីប្រាស់ផ្លូវទាំងអស់ មេត្តាគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ជៀសវាងពីគ្រោះថ្នាក់ ដេីម្បីថែរក្សាអាយុជីវិត និងជៀសវាងការបង្ករបួសស្នាម “។
គួររំលឹកថាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១ថ្ងៃត្រង់នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយនេះកើតឡើង បង្កដោយរថយន្តធុនធំ ០១គ្រឿងម៉ាក HYUNDAI ពាក់ផ្លាកលេខ ព្រះសីហនុ3A-2331 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ( រត់គេចបាត់ពីកន្លែងកើតហេតុ )ជាកម្មសិទ្ធរបស់ក្រុមហ៊ុន រាជសីហ៍ ឡូជីស្ទីក មានទិសដៅពីកើតឆ្ពោះទៅលិច លុះមកដល់ចំណុចខាងលើ រថយន្តបានផ្លាស់ប្ដូរទិសបត់ឆ្វេង ក៏បុកប៉ះនឹងម៉ូតូ ០១គ្រឿងម៉ាក HONDA WAVE គ្មានផ្លាកលេខ ជិះគ្នាចំនួន ០៥នាក់សុទ្ធតែក្មេងៗ ក្នុងនោះមានស្ត្រីជំទង់ម្នាក់ជាអ្នកបើកបរ ដែលត្រូវជាបងស្រីក្មេងៗទាំងអស់នោះ ។ គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់ក្មេងប្រុស ០២នាក់ នៅនឹងកន្លែងកើតហេតុ និងរងរបួសធ្ងន់០៣នាក់ បានដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ។ ជនរងគ្រោះជាអ្នករស់នៅម្តុំឧតុនិយម ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ៕


