ពិតជាកំពូលមនុស្សមែន! លួចតទឹកពីផ្ទះគេមកប្រើនៅផ្ទះខ្លួនឯង កុំឲ្យខាតលុយ
ខេត្តកណ្តាល៖ បុរសម្នាក់បានលួចតទឹកពីផ្ទះគេមកផ្គត់ផ្គង់ផ្ទះខ្លួនឯងត្រូវសមត្ថកិច្ចឃាត់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង០០នាទីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជនរងគ្រោះមានឈ្មោះបៀវ គីមលី ភេទស្រី អាយុ៣៩ ឆ្នាំសញ្ជាតិខ្មែរ មុខរបរ មេផ្ទះ រស់នៅភូមិ-ឃុំកើតហេតុ ចំណែកឯជនសង្ស័យមានឈ្មោះលន់ សំអូន ភេទប្រុស អាយុ៣២ ឆ្នាំសញ្ជាតិខ្មែរ មុខរបរ ជាងកាត់សក់ មានទីលំនៅភូមិ-ឃុំកើតហេតុ ។
សម្ភារៈដែលសមត្ថកិច្ចដកហូតបានមាន កែងទុយយោ ជ័រ០១ ។ តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះចេះតែឆ្ងល់ឌីសសង់ទ័រ ឧស្សាហ៍លោត និងឆេះម៉ូទ័រញឹកញាប់ទើបមកដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះបានប្រើជាងឈ្មោះហឿន រុនចុះទៅត្រួតពិនិត្យទើបរកឃើញកន្លែងសង្ស័យលួចតប្រព័ន្ធទឹក។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា ខ្លួនបានលួចតប្រព័ន្ធទឹក ដើម្បីយកមកផ្គត់ផ្គង់ផ្ទះជួលរបស់ខ្លួនមែន។ ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការ តាមនីតិវិធី៕
