បច្ចេកវិទ្យា

វិធីប្រើប្រាស់ Google Map ទុកសម្រាប់ប្រើពេល offline

BY
Khmernote Media
August 24, 2019

Google Map គឺជាកម្មវិធីទូរស័ព្ទដ៏មានសារៈសំខាន់មួយ ព្រោះវាអាចជួយឲ្យលោកអ្នកស្វែងរកទីកន្លែងមួយចំនួន ដោយលោកអ្នកគ្រាន់តែកំណត់ទីតាំងនោះក្នុងកម្មវិធី Google Map នោះវានឹងបង្ហាញផ្លូវដែលជិតបំផុតទៅកាន់លោកអ្នក។ ជាធម្មតាដើម្បីដំណើរការកម្មវិធីមួយនេះលោកអ្នកត្រូវភ្ជាប់ជាមួយនឹងអ៊ីនធឺណិតជាមុនសិន។ យ៉ាងណាក្តី ក្នុងលក្ខខណ្ឌខ្លះលោកអ្នកក៏អាចប្រើប្រាស់កម្មវិធី Google Map ដោយគ្មានអ៊ីនធឺណិតបានផងដែរ។

លក្ខខណ្ឌមួយនោះគឺលោកអ្នកត្រូវទាញយក (Download) តំបន់ដែលលោកអ្នកចង់ប្រើប្រាស់ Google Map ជាមុនសិននៅពេលដែលទូរស័ព្ទរបស់លោកអ្នកកំពុងមានអ៊ីនធឺណិត។ ការទាញយកនេះតម្រូវឲ្យទូរស័ព្ទរបស់លោកអ្នកមានអង្គចងចាំទំនេរទំហំ ១,៥ GB ហើយទិន្នន័យដែលលោកអ្នកទាញបាននោះមានសុពលភាពត្រឹមតែ ១៥ ថ្ងៃប៉ុណ្ណោះ តែលោកអ្នកអាច Update ទិន្នន័យនោះបានពេលលោកអ្នកភ្ជាប់ជាមួយនឹង Wi-Fi ។

ការទាញយកទិន្នន័យនៅក្នុងតំបន់ណាមួយគឺអាចទាញយកបានទំហំតូច ឬធំ អាស្រ័យលើការកំណត់ជាក់ស្តែងតាមតំបន់ផ្សេងៗគ្នា។ ឧទាហរណ៍ តំបន់ខ្លះលោកអ្នកអាចយកទិន្នន័យពេញមួយទីក្រុង ហើយតំបន់ខ្លះអាចទាញបានត្រឹមតែមួយផ្នែកតូចនៃទីក្រុងប៉ុណ្ណោះ។ ដើម្បីទាញយកទិន្នន័យតំបន់ណាមួយសម្រាប់ប្រើប្រាស់កម្មវិធី Google Map ដោយគ្មានអ៊ីនធឺណិតនោះ លោកអ្នកអាចធ្វើតាមការណែនាំខាងក្រោមនេះ​​៖

១. បើកម្មវិធី Google Map

២. ចុចបើកផ្ទាំង Menu

៣. ជ្រើសរើសពាក្យ Offline maps

៤. កម្មវិធីនឹងណែនាំតំបន់មួយចំនួនសម្រាប់លោកអ្នកជ្រើសរើស ហើយលោកអ្នកត្រូវជ្រើសរើសយកពាក្យ Select your own map។

៥. ជ្រើសរើសទីតាំងលោកអ្នកពេញចិត្ត។

៦. ក្នុងដំណាក់កាលនេះលោកអ្នកអាចចុចពង្រីក ឬពង្រួមទីតាំងដែលលោកអ្នកចង់ជ្រើសរើស។

៧. បន្ទាប់ពីជ្រើសរើស​ទីតាំងរួច សូមជ្រើសរើសពាក្យ Download ជាការស្រេច៕

អត្ថបទ៖ ភក្តី

Share This Post: