ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆ្នាំ២០១៩ គិតមកដល់ពេលនេះ មានឧកញ៉ាជិត ១០នាក់ ជាប់ពាក់ព័ន្ធបទល្មើសខុសច្បាប់

    BY Khmernote Media August 23, 2019
    ឆ្នាំ២០១៩ គិតមកដល់ពេលនេះ មានឧកញ៉ាជិត ១០នាក់ ជាប់ពាក់ព័ន្ធបទល្មើសខុសច្បាប់

    នៅឆ្នាំ២០១៩ នេះមហាជនបានសង្កេតឃើញថាមានករណីឧកញ៉ាដែលល្បីឈ្មោះជាច្រើននាក់ និងមានមុខមាត់ក្នុងសង្គម ត្រូវបានជាប់ពាក់ព័ន្ធនឹងបទល្មើសខុសច្បាប់ ដូចជាការជួញដូរគ្រឿងញៀន , ឆបោក , រំលោភដីខុសច្បាប់ និងបទល្មើសព្រៃឈើជាដើម។ គិតចាប់ពីដើមឆ្នាំ ២០១៩ រហូតមកដល់ពេលនេះ ឧកញ៉ាជាច្រើននាក់បានជាប់ពន្ធនាគារ និងឧកញ៉ាខ្លះបាននៅក្រៅឃុំ បន្ទាប់ពីបានប្រព្រឹត្តបទល្មើសខុសច្បាប់។

    ឧកញ៉ា ហូ ចំរើន ៖ នៅថ្ងៃទី១៤ ខែមីនា ​ឆ្នាំ២០១៩ លោក កូយ សៅ​ ចៅក្រមស៊ើបសួរ បានបង្គាប់ឲ្យមន្ត្រីពន្ធនាគារព្រៃស នាំខ្លួនអតីតឧកញ៉ា ហូ ចំរើន ដែលជាប់ចោទលើបទល្មើសមួយចំនួនដូចជាករណី «សំណុំរឿងសភាស៊ើបសួរលេខ ៣១ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ បទល្មើស មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងទី២៖ សំណុំរឿងសភាស៊ើបសួរលេខ ៣២ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ បទល្មើស ឆបោក» មកកាន់តុលាការ ដើម្បីបន្តសាកសួរ មុនសំណុំរឿងទាំងអស់របស់អីតតឧកញ៉ារូបនេះ ត្រូវលើកទៅជំនុំជម្រះ។

    សូមបញ្ជាក់ថា កាលព្រឹកថ្ងៃទី១៤ ខែកម្ភ: ឆ្នាំ២០១៩កន្លងទៅ សាលាឧទ្ធណ៍ បានបើកសវនាការប្រកាសសាលដីកាលើសំណុំរឿងអតីតឧកញ៉ា ហូរ ចំរើន ពាក់ព័ន្ធបទល្មើសចំនួន២ករណី គឺករណីឆបោក និងចេញសែកស្អុយ ហើយសម្រេចមិនអនុញ្ញាតឲ្យអតីតឧកញ៉ា ហូ ចំរើន នៅក្រៅឃុំ និងបន្តឃុំខ្លួនក្នុងពន្ធនាគារ តាមអំណាចសាលក្រមសាលាដំបូងរាជធានីភ្នំពេញដដែល។

    លោកឧកញ៉ា គិត ធាង ៖ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ធ្វើ​ការ​ចោទ​ប្រកាន់​ និង​បញ្ជូន​ លោក​ឧកញ៉ា គិត ធាង ដែល​ជា​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ុក ទៅ​ឃុំ​ខ្លួន​ នៅ​ពន្ធ​នាគារ ​​PJ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​គ្រឿង​ញៀនជិត ៥០ ​គីឡូ​ក្រាម ​ដែល​​មាន​ការ​ឃាត់​ខ្លួន​មនុស្ស​ជាង ៣០០ នាក់ ដែល​​សមត្ថ​កិច្ច​បាន​ចុះ​បង្ក្រាប​នៅ​​មជ្ឈមណ្ឌល​​កម្សាន្ត​រ៉ុក​ ​ពី​ថ្ងៃ​ទី ២៣ ខែ​ កុម្ភៈ ឆ្នាំ ២០១៩។

    លោកឧកញ៉ា សុខ ប៊ុន ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនលោកឧកញ៉ា សុខ ប៊ុន និងមន្ដ្រីអាជ្ញាធរសង្កាត់កោះរ៉ុង ចំនួន ៥នាក់ផ្សេងទៀត ពាក់ព័ន្ធការរំលោភដីខុសច្បាប់ បន្លំ​យក​ដី​ទំហំជាង ​៥០០ ​ហិកតា​ ​នៅ​កោះ​រ៉ុង ខេត្ត​ព្រះសីហនុ។

    ឧកញ៉ា ស៊ឹង សំអុល ៖ ថ្ងៃទី១២​ ខែកក្កដា ឆ្នាំ២០១៩ ឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក ដែលរងនូវការចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរីនោះ ត្រូវបានតុលាការខេត្ត សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ហើយលោក ស៊ឹង សំអុល និងបក្ខពួក ត្រូវបានចោទប្រកាន់ ចំនួន ៤បទល្មើស ពាក់ព័ន្ធបទល្មើសព្រៃឈើ។

    ឧកញ៉ា គង់ ក្រឹ​ង ដែលជា​ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ​នៅ​ខេត្ត​ភាគ​ឦសាន ៖ ថ្ងៃ​ទី​១៧ ខែសីហា កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តក្រចេះ បាន​សម្រេច​បញ្ជូន​ឧកញ៉ា គង់ ក្រឹ​ង និង​កូនប្រសារ ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ ដោយ ​ឪពុក និង​កូនប្រសា​រទាំង​២​នាក់​នោះ​ត្រូវ​បាន​រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ប្រាកដ​មែន ។

    ឧកញ៉ា ស្រី សុធា និងឧកញ៉ា ស្រី ចន្ធូ ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ឧកញ៉ាស្រី សុធា ជាឪពុកមានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន 7NG និងឧកញ៉ា ស្រី ចន្ធូ ជាកូនមានតួនាទីជានាយកក្រុមហ៊ុន 7NG ដែលមានដីពុះឡូត៌លក់ធំជាងគេ នៅតំបន់វិហារសួគ៌ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការចោទ ប្រកាន់ពីបទឆបោកពាក់ព័ន្ធ ទៅនឹងសំណុំរឿងព្រហ្មទណ្ឌចំនួន២ ដែលជនរងគ្រោះប្ដឹងចោទប្រកាន់ថា លក់ដីឲ្យពួកខ្លួនប្រគល់លុយឲ្យហើយ តែមិនមានដីឲ្យពួកខ្លួនទៅវិញ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay