អាជ្ញាធរវៀតណាមហាមឃាត់ មិនឱ្យមានការផ្តល់លុយទៅអ្នកសុំទានតាមដងផ្លូវនោះទេ
អាជ្ញាធរនៅទីក្រុងហូជីមិញកំពុងលើកទឹកចិត្តប្រជាជន ឱ្យចៀសវាងកុំផ្តល់ប្រាក់ទៅឱ្យជាងអ្នកសុំទានក្នុងស្រុក ព្រោះនេះមិនមែនជាមធ្យោបាយល្អបំផុតដើម្បីគាំទ្រពួកគេទេ។ មន្ទីរការងារ, មន្ទីរយុទ្ធជនពិការ និងកិច្ចការសង្គម បានបញ្ជូនឯកសារទៅរដ្ឋបាលថ្នាក់ស្រុក ដោយស្នើសុំឱ្យពួកគេបង្កើនការគ្រប់គ្រងលើអ្នកសុំទាន និងអ្នកគ្មានផ្ទះសម្បែងនៅតាមតំបន់រៀងៗខ្លួន មុនថ្ងៃបុណ្យជាតិខាងមុខនេះ (ថ្ងៃទី២ ខែកញ្ញា)។ រដ្ឋបាលត្រូវបានស្នើសុំឱ្យផ្តល់យោបល់ដល់ប្រជាជនក្នុងតំបន់ ប្រឆាំងនឹងការផ្តល់ប្រាក់ដោយផ្ទាល់ដល់អ្នកសុំទាន និងអ្នកដែលគ្មានផ្ទះសម្បែង ព្រោះវិធីល្អបំផុតដើម្បីផ្តល់ការគាំទ្រដល់ពួកគេ គឺតាមរយៈអង្គការសង្គម និងសប្បុរសធម៌។

អាជ្ញាធរមូលដ្ឋានត្រូវតែត្រួតពិនិត្យយ៉ាងដិតដល់នូវបញ្ជីអ្នករស់នៅអចិន្រ្តៃយ៍ និងបណ្តោះអាសន្ននៅតាមសង្កាត់នីមួយៗ ដើម្បីផ្តល់ជំនួយចាំបាច់ដល់គ្រួសារក្រីក្រ។ មន្ទីរការងារក៏បានប្រកាសអំពីបណ្តាញលេខទូរស័ព្ទបន្ទាន់ ដែលនឹងទទួលរបាយការណ៍ និងព័ត៌មានអំពីអ្នកសុំទាន និងអ្នកគ្មានផ្ទះសម្បែងនៅភាគខាងត្បូងនៃទីក្រុង។ ទីភ្នាក់ងារនេះបានកត់សម្គាល់ពីស្ថានភាពមួយ ដែលជនបរទេសត្រូវបានគេរកឃើញថា បានសុំលុយនៅតាមទីប្រជុំជន និងកន្លែងដែលមានមនុស្ស និងអ្នកទេសចរច្រើន។ ដើម្បីដោះស្រាយបញ្ហានេះអាជ្ញាធរមានភារកិច្ចអនុវត្តការល្បាតជាប្រចាំ និងសម្របសម្រួលជាមួយការិយាល័យអន្តោប្រវេសន៍ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពួកគេ និងសម្រេចចិត្តរកដំណោះស្រាយសមស្រប៕


អត្ថបទ៖ លីដា