កាកសំណល់ប្លាស្ទិចចំនួន១៤កុងតឺន័រត្រូវបានបញ្ជូនចេញពីកម្ពុជាត្រលប់ទៅប្រទេសដើមវិញ នៅសល់ចំនួន៦៩កុងតឺន័រទៀត
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាអះអាងថា គិតមកដល់ថ្ងៃទី២៣ ខែសីហានេះ កាកសំណល់ប្លាស្ទិចចំនួន ១៤ កុងតឺន័រ បានបញ្ជូនចេញពីកម្ពុជា និងបង់ប្រាក់ពិន័យចូលថវិកាជាតិគ្រប់ចំនួន ខណៈ នៅសល់ចំនួន៦៩ កុងតឺន័រទៀត ដែលក្រុមហ៊ុនស្នើសុំការពន្យាពេល។
នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យបានដឹងថា ការដឹកជញ្ជូនកាកសំណល់ប្លាស្ទិចចំនួន៨៣ កុងតឺន័រ ត្រលប់ទៅប្រទេសដើមវិញ ដែលត្រូវបានលួចនាំចូលដោយខុសច្បាប់មកកាន់កម្ពុជាដោយក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO., LTD ។
ប្រភពបន្ដថា គិតមកដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ សាមី ក្រុមហ៊ុនបានបង់ប្រាក់ពិន័យចូលថវិកាជាតិគ្រប់ចំនួន ព្រមទាំងបានបង់ថ្លៃចំណតផែ និងថ្លៃ កប៉ាល់មួយចំនួន ហើយក៏បានដឹកជញ្ចូនកាកសំណល់ប្លាស្ទិចចេញពីកម្ពុជាចំនួន ១៤ កុងតឺន័រ កាលពីយប់ថ្ងៃទី២០ ខែសីហាឆ្នាំ២០១៩ កន្លងទៅនេះផងដែរ ។
កាកសំណល់ប្លាស្ទិចដែលនៅសល់ចំនួន ៦៩ កុងតឺន័រនេះ ដោយហេតុថាក្រុមហ៊ុនកប៉ាល់ដឹកជញ្ជូនតាមផ្លូវសមុទ្របានជួបបញ្ហាមួយចំនួន រួមមាន អាកាសធាតុមិនអំណោយផលធ្វើឱ្យខកខានជើងកប៉ាល់ និងទំនិញកកស្ទះជាច្រើនដែលទទួលកក់ពីអតិថិជន ផ្សេងៗទៀតដូច្នេះទើបក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO., LTD បានស្នើសុំពន្យារពេលនៃការដឹកជញ្ជូនកាកសំណល់ប្លាស្ដីកដែលនៅសល់ចំនួន ៦៩ កុងតឺន័រ ទៀតតាមតារាង ពេលវេលាដែលក្រុមហ៊ុនកប៉ាល់បានផ្តល់ជួនគិតចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ៕

ប្រភព៖ ក្រសួងព័ត៌មាន


