អគារ៦ជាន់ដែលឆាបឆេះរយៈពេលជិត២៤ម៉ោង ពេលនេះអាជ្ញាធរសម្រេចវាយកម្ទេចចោល
ភ្នំពេញ៖ ករណីអគ្គិភ័យឆេះរោងចក្រផលិតពូក នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ អាជ្ញាធរសម្រេចវាយកម្ទេចចោលទាំងស្រុងនូវអគារ៦ជាន់ ដែលរងនូវការឆាបឆេះយ៉ាងខ្លាំងជិត២៤ម៉ោង នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។ ការវាយកម្ទេចនេះ ដឹកនាំដោយ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងអភិបាលក្រុងភ្នំពេញ ដែលបានដឹកនាំផ្ទាល់នៅកន្លែងកើតហេតុ។
យ៉ាងណាមិញមកទល់ពេលនេះអាជ្ញាធរកំពុងតែយកគ្រឿងចក្រកាយសំណល់ដែលគរនៅក្បែរអគារដើម្បីបាញ់ពន្លត់រងើកភ្លើងដែលបន្តឆេះនៅខាងក្នុង បន្ទាប់ពីកាយ និងពន្លត់រងើករួចរាល់ អាជ្ញាធរនឹងវាយកម្ទេចអគារ៦ជាន់ដែលបានឆាបឆេះខូចខាតទាំងស្រុង និងមានស្នាមប្រេះគ្រប់កន្លែង។ យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ការឆាបឆេះដ៏អាក្រក់នេះបណ្តាលមកពីមូលហេតុ ឆ្លងចរន្តអគ្គិសនី ករណីនេះបានប្រើប្រាស់រថយន្តអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យ៤៥គ្រឿង និងប្រើប្រាស់ទឹក ៣២៧ឡាន៕





ប្រភព និងរូបភាពពី ៖Fresh News