តើពិតឬទេ ដែលថា ប្រព័ន្ធ 5G នឹងបង្កឲ្យមានជំងឺមហារីក?
- August 26, 2019
បរទេស: មកដល់បច្ចុប្បន្ននេះបច្ចេកវិទ្យាអ៉ិនធើណេត 5G បានដំណើរការជាផ្លូវការហើយនៅចក្រភពអង់គ្លេស ហើយកំពុងផ្តល់នូវសេវាអ៉ិនធើណេតល្បឿនលឿនបំផុតមិនធ្លាប់មានទៅកាន់ស្មាតហ្វូននានា។
ស្របពេលដែលបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយមួយនេះកំពុងធ្វើឲ្យពិភពលោករងចាំដោយអន្ទះសានោះមានក្រុមអ្នកទ្រឹស្តីតាមបណ្តាញអនឡាញជាច្រើននាក់បានបង្កភាពភ្ញាក់ផ្អើលតាមរយៈបណ្តាញសង្គមដោយអះអាងថា បច្ចេកវិទ្យា 5G នេះនឹងអាចបង្កឲ្យទៅជាជំងឺមហារីកប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងខ្លាំងបាន។
ទោះបីជាយ៉ាងណាក្តីជាការឆ្លើយតបអ្នកជំនាញខាងសុខភាព និងវិទ្យាសាស្ត្រមួយក្រុមផ្សេងបានធ្វើការអះអាងប្រាប់ក្រុមការងាររបស់កាសែតអង់គ្លេសដ៏ល្បី The Sun កាលពីចុងសប្តាហ៍កន្លងមកថា រឿងរ៉ាវលើកឡើងទាំងនោះសុទ្ធតែជាការកុហកទាំងអស់។
កន្លងមកមានព្រឹត្តិការណ៍ភ្ញាក់ផ្អើលជាច្រើនតាមបណ្តាញសង្គមដូចជាកាលពីឆ្នាំទៅ ដែលមានការលើកឡើងថាការសាកល្បង 5G ដំបូងបានបណ្តាលឲ្យសត្វស្លាបរាប់រយក្បាលបានងាប់។ លើសពីនេះមានពលរដ្ឋអង់គ្លេសមួយចំនួនបាននាំគ្នារ៉ៃអង្គាសប្រាក់ ដើម្បីធ្វើសកម្មភាពបញ្ឈប់អ៉ិនធើណេត Stop 5G UK និងព្រមទាំងក្រុមប្រឆាំងផងបានអូសទាញមនុស្សរាប់ពាន់នាក់ឲ្យមានអារម្មណ៍ភ័យខ្លាចចំពោះការមកដល់របស់5G៕

អត្ថបទ៖ Lee
- Share This Post:






