ក្រុមហ៊ុន Embraer របស់ប្រេស៊ីល កំពុងអភិវឌ្ឍយន្តហោះអគ្គិសនីដំបូងបំផុត ដើម្បីពង្រឹងអនាគតតាក់ស៊ីហោះឱ្យ Uber
- BY
- autoadmin
- August 26, 2019
ក្រុមហ៊ុនផលិតយានអវកាស Embraer របស់ប្រេស៊ីល បានបង្ហាញយន្តហោះអគ្គិសនីសុទ្ធដំបូងរបស់ខ្លួន ដែលជាគម្រោងបង្ហាញដោយបច្ចេកវិទ្យាជំរុញកម្លាំងអគ្គិសនី ១០០% ដែលបច្ចុប្បន្នកំពុងត្រូវបានអភិវឌ្ឍ។ Prototype នៃម៉ូទ័រអេឡិចត្រិច និងឧបករណ៍បញ្ជា កំពុងត្រូវបានផលិតដោយក្រុមហ៊ុន WEG នៅឯទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ក្នុងទីក្រុង Jaraguá do Sul, រដ្ឋ Santa Catarina ប្រទេសប្រេស៊ីល ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបានចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរ កាលពីខែឧសភា សម្រាប់ការអភិវឌ្ឍរួមគ្នានៃបច្ចេកវិទ្យាអគ្គិសនី។

បច្ចេកវិទ្យានេះនឹងត្រូវបានតំឡើងទៅក្នុងយន្ដហោះខ្នាតតូច (ម៉ាស៊ីនមួយ) ដោយផ្អែកលើយន្ដហោះកសិកម្ម EMB-203 Ipanema សម្រាប់ធ្វើតេស្ត និងវាយតម្លៃបច្ចេកវិទ្យាអគ្គិសនី។ ហើយប្រព័ន្ធត្រជាក់សម្រាប់យន្ដហោះ នឹងត្រូវបានផ្តល់ជូនតាមរយៈភាពជាដៃគូជាមួយ Parker Aerspace ។ ចំណែកក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ក្រុមហ៊ុនដែលពាក់ព័ន្ធនឹងយន្ដហោះ នឹងបន្តសាកល្បងប្រព័ន្ធផ្សេងៗនៅក្នុងមន្ទីរពិសោធន៍របស់ខ្លួន ដើម្បីត្រៀមធ្វើតេស្តក្រោមល័ក្ខខ័ណ្ឌជាក់ស្តែង។ ចំពោះការហោះហើរលើកដំបូង ត្រូវបានគេរំពឹងថា នឹងចាប់ផ្ដើមនៅ ឆ្នាំ២០២០ ។
គម្រោងយន្តហោះ Ipanema ក៏នឹងត្រូវបានប្រើ ដើម្បីលើកកម្ពស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ EmbraerX ជាមួយនឹងការអភិវឌ្ឍតាក់ស៊ីអាកាសតាមទីក្រុងរបស់ខ្លួន ដែលមានឈ្មោះថា eVTOL (តាក់ស៊ីអគ្គិសនី ដែលអាចចុះចត និងហោះបាន) ដែលក្រុមហ៊ុនបានដាក់បង្ហាញកាលពីខែមិថុនា ក្នុងអំឡុងកិច្ចប្រជុំ Uber Elevate Summit 2019 នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី៕

អត្ថបទ៖ លីដា
- Share This Post:






