ទំនេរពេក! បុរសជនជាតិវៀតណាមម្នាក់ផឹកស៊ីស្រវឹងខឹងប្រពន្ធមិនសូវមកផ្ទះក៏ដុតផ្ទះខ្លួនឯងចោល
ខេត្តកណ្តាល ៖ បុរសម្នាក់ផឹកស៊ីស្រវឹងខឹងប្រពន្ធមិនសូវមកផ្ទះក៏ដុតផ្ទះខ្លួនឯងចោល ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង ១៩.០០នាទីចំណុចភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។ ជនរងគ្រោះមានឈ្មោះ មៀង ធីចាង ភេទស្រី អាយុ៣៥ ឆ្នាំ ជនជាតិ វៀតណាម មានទីលំនៅភូមិ-ឃុំកើតហេតុ (ប្រពន្ធ) ចំណែក ជនសង្ស័យ ឈ្មោះង្វៀង យុំាងយ៉ែរ ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ នេសាទត្រី មានទីលំនៅភូមិ-ឃុំកើត ហេតុ (ប្ដី) ។ ហេតុការណ៍នេះបណ្តាលឲ្យផ្ទះបែលើទឹកសង់ពីឈើ ជញ្ជាំងក្តារប្រក់ស័ង្កសី ទំហំ ៥ ម៉ែត្រ x ៧ ម៉ែត្រ(ខូចខាតទាំងស្រុង) ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថានៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យ បានទិញស្រាថ្នាំចំនួន ១លីត្រកន្លះផឹកជាមួយអ្នកភូមិចំនួន ០២នាក់ទៀតពេលផឹកអស់ស្រាជនសង្ស័យបានទៅទិញស្រាថ្នាំចំនួនកន្លះលីត្ររួចហើយដើរទៅលើបែលើទឹករបស់ខ្លួនដែលស្ថិតនៅក្នុងទន្លេ ពេលទៅដល់លើបែក៏ផឹកស្រានោះបន្ថែមទៀត ក្រោយមកជនសង្ស័យ នឹកឃើញប្រពន្ធខ្លួនមិនសូវមកដេកផ្ទះ និងឧស្សាហ៍ទៅលេងបៀរ ក្នុងខណៈនោះបានកើតមានកំហឹងបានយកដែកកេះអុជជក់បារី និងបោះកន្ទុយបារីទៅលើវាំងនន បណ្តាលឲ្យ រាលឆាបឆេះដល់ជញ្ជាំងផ្ទះធ្វើឲ្យឆេះខូចខាតអស់ទាំងស្រុងតែម្តង។ បន្ទាប់មកកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងផ្នែកជំនាញចុះទៅកន្លែងកើតហេតុបាននាំខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីធ្វើការសាកសួរ និងបន្តចាត់ការតាមនីតិវិធី។ យ៉ាងណាមិញចំពោះករណីនេះ ប្រពន្ធ សុំមិនប្ដឹងហើយសំណូមពរ ឲ្យអប់រំប្ដី នៅត្រឹមថ្នាក់ស្រុក៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល