ឯកឧត្តម គួច ចំរើន នាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន១៥០២គ្រួសារ
ខេត្តព្រះសីហនុ៖ នៅថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៩ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ សមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា និងសប្បុរសជនជាច្រើនអ្នក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន ១៥០២គ្រួសារ នៅក្នុងស្រុកព្រៃនប់ និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ គ្រួសារនីមួយទទួលបាន ៖ អង្ករ ២០គីឡូក្រាម មី ១កេស ត្រីខ ៥កំប៉ុង ទឹកត្រី ១ដប ទឹកសុទ្ធ ១កេស ឃីត ១(ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) និងថវិកាចំនួន ៥ម៉ីនរៀល ។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ឯកឧត្តម ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។
បន្ថែមពីនេះ ឯកឧត្តមបានពាំនាំសេចក្តីអំពាវនាវពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ធម្មជាតិ ទឹកជំនន់ ផ្គរ រន្ទះ ហើយត្រូវត្រៀមលក្ខណៈរកទីកន្លែងមានសុវត្ថិភាព គិតគូរថែទាំសុខភាពឱ្យបានល្អ ដោយត្រូវរស់នៅមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវ ត្រូវកំចាត់សត្វមូសខ្លា សម្អាតជម្រកមូសជុំវិញផ្ទះ និងរៀបចំឱ្យមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាឱ្យមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ។ ឯកឧត្តមបានសង្កាត់ធ្ងន់ពីការចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវអត្រាស្លាប់ និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ ព្រោះមួយរយៈពេលកន្លងខេត្តព្រះសីហនុបានរងនូវសោកនាដកម្មពីបញ្ហានេះជាច្រើនករណីមកហើយ ជាពិសេសករណីថ្មីៗ ដោយការមិនគោរពសិទ្ធ ការមិនគោរពស្លាកសញ្ញា ដែលនេះនៅតែជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នា ៕



