ក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ចងកសម្លាប់ខ្លួន ព្រោះធ្វើកិច្ចការសាលាមិនទាន់ពេលវេលា
ម៉ាឡេស៊ី៖ ក្មេងប្រុសអាយុ ១៣ ឆ្នាំ ត្រូវបានគេរាយការណ៍ថា បានចងកសម្លាប់ខ្លួនបន្ទាប់ពីរូបគេមិនអាចធ្វើកិច្ចការសាលាបានទាន់ពេលកំណត់របស់សាលា។ យោងតាមសារព័ត៌មាន Worldofbuzz បានឲ្យដឹងថា ករណីអត្តឃាតនេះបានកើតឡើងនៅក្នុងក្រុង George រដ្ឋ Penang ភាគខាងជើងប្រទេសម៉ាឡេស៊ី។ តាមប្រភពដដែលនេះបានបញ្ជាក់ថាក្មេងប្រុសរងគ្រោះ ជាសិស្សខ្សោយម្នាក់នៅក្នុងថ្នាក់រៀនហើយជាធម្មតារូបគេតែងស្វែងរកជំនួយពីមិត្តភក្តិ ឬក្រុមគ្រួសារពេលមានកិច្ចការសាលា ដែលលំបាកខ្លាំងម្តងៗ។
មុនពេលកើតហេតុកុមារងគ្រោះទទួលបានកិច្ចការសាលាយ៉ាងច្រើនមកធ្វើ ខណៈដែលគ្មានអ្នកណាម្នាក់អាចជួយរូបគេនោះទេ ព្រោះគេសុទ្ធតែរវល់គ្រប់គ្នា។ បញ្ហានេះបានដាក់សំពាធផ្លូវចិត្តទៅកាន់កុមាររងគ្រោះជាខ្លាំង រហូតដល់យប់នៃថ្ងៃកើតហេតុនៅម៉ោងប្រមាណជា ១០ និង៥៥ នាទីយប់ រូបគេក៏សម្រេចចងកសម្លាប់ខ្លួនតែម្តង។ ក្រោយកើតហេតុគេបានប្រទះឃើញកិច្ចសាលាជាច្រើននៅចោលលើតុរបស់គេ ហើយយោងតាមការស៊ើបអង្កេតពីប៉ូលិសជំនាយបានរកឃើញថា កុមារងគ្រោះបានសម្លាប់ខ្លួនព្រោះតែធ្វើកិច្ចការសាលាមិនទាន់ពេលវេលា និងខ្លាចមានបញ្ហានៅសាលារៀន៕

អត្ថបទ៖ ភក្តី