ម្តាយមានជំងឺមកមិនកើត កូនប្រុសសុខចិត្តឡើងលើកំពូលភ្នំយ៉ាងខ្ពស់ ហើយយករូបថតរបស់ម្តាយមកជាមួយ
តៃវ៉ាន់៖ ក្មេងប្រុសអាយុ ៨ ឆ្នាំម្នាក់រក្សាពាក្យសន្យាបានយ៉ាងល្អជាមួយនឹងម្តាយរបស់គេ ដោយរូបគេសុខចិត្តនាំយករូបថតរបស់ម្តាយគេទៅកាន់កំពូលភ្នំដ៏ខ្ពស់មួយ ដើម្បីបំពេញពាក្យសន្សាឡើងលើកំពូលភ្នំជាមួយនឹងគ្រួសារ។ រឿងរ៉ាវដ៏គួរឲ្យរំជួលចិត្តនេះបានកើតឡើងនៅលើកំពូលភ្នំ The Jade Mountain ដែលជាភ្នំដ៏ខ្ពស់បំផុតនៅក្នុងកោះតៃវ៉ាន់ និងមានកម្ពស់ប្រមាណជា ៣៩៥២ ម៉ែត្រ។ កុមារតូចដែលមានទឹកចិត្តមុះមុតរូបនេះមានឈ្មោះថា Ze Gang ហើយកាលពី ៤ ឆ្នាំមុន រូបគេរួមជាមួយនឹងម្តាយ និងឪពុករបស់គេដែលមានឈ្មោះថា Tzuo បានសន្សាគ្នាថា នៅពេលដែលគេមានអាយុ ៨ ឆ្នាំ ពួកគេនឹងនាំគ្នាឡើងមកលេងលើកំពូលភ្នំនេះទាំងអស់គ្នា។
យ៉ាងណាក្តី ជាអកុសលកាលពី ២ ឆ្នាំមុន ម្តាយរបស់របស់គេមានបញ្ហាជើងត្រូវធ្វើការវះកាត់ និងមិនអាចដើររួចនោះទេ។ បើទោះជាយ៉ាងនេះក៏ដោយ ពួកគេនៅតែបំពេញតាមពាក្យសន្សាដដែលដោយកុមារតូចរូបនេះបានឡើងភ្នំជាមួយនឹងឪពុករបស់គេ និងបាននាំយករូបថតតំណាងឲ្យម្តាយរបស់គេមួយសន្លឹកទៅជាមួយផងដែរ។ ទឹកចិត្តរបស់កុមាររូបនេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមតៃវ៉ាន់៕

អត្ថបទ៖ ភក្តី


