ស្នើសុំឲ្យធ្វើផ្លូវអស់ជាង៥ឆ្នាំហើយនៅតែគ្មានការអើពើ ទ្រាំលែងបានប្រជាជននាំគ្នាស្ទូងស្រូវ និងដាំដំណាំតាមគ្រលុកផ្លូវតែម្តង
ថៃ៖ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩នេះ រូបភាពគួរឲ្យអស់សំណើចជាច្រើនសន្លឹកត្រូវបានចែកពេញបណ្តាញសង្គមថៃ ដោយប្រជាជនខេត្តសុរិន្ទមួយចំនួនបានធ្វើសកម្មភាពប្លែកៗនៅតាមគ្រលុកផ្លូវ ដែលមានដូចជាការបង់ត្រី ស្ទូងស្រូវ និងដាំដំណាំផ្សេងៗ។ ហេតុការណ៍មួយនេះបានកើតឡើងនៅឯស្រុករតនបុរី ខេត្តសុរិន្ទ ប្រទេសថៃ ដោយអ្នកភូមិនៅទីនោះគឺបានការអស់ធ្មត់ ក្រោយអស់រយៈពេលជាង៥ឆ្នាំមកហើយ ប៉ុន្តែផ្លូវលំមួយនេះហាក់គ្មានការអើពើ និងជួសជុលពីខាងរាជរដ្ឋាភិបាលនោះឡើយ។
យោងតាមប្រភពលោក សាំរ៉ាន់ អាយុ៦៣ឆ្នាំ ដែលជាអ្នកភូមិគុតខាឃីម ស្រុករតនបុរី ខេត្តសុរិន្ទ បានរៀបរាប់ឲ្យដឹងថា ពួកគាត់រស់នៅទីនេះអស់ពេលជាយូរមកហើយ ហើយដើមឡើយផ្លូវមួយនេះគឺជាផ្លូវស្អាតអាចធ្វើដំណើរធម្មតា ប៉ុន្តែនៅពេលដែលរាជរដ្ឋាភិបាលបើកឲ្យឡានដឹកទំនិញធំៗឆ្លងទីនេះ ផ្លូវនេះបានត្រូវបំផ្លាញដោយវាគ្រលុក និងទឹកដក់ជាច្រើនកន្លែងដែលពិបាកក្នុងការធ្វើដំណើរ ហើយក៏ប្រកបរបររកស៊ីផ្សេងៗ។ ផ្លូវដែលមានប្រវែងជាង ៣គីឡូម៉ែត្រនេះ គឺនៅខែប្រាំងមានសភាពហុយដីខ្លាំង ចំណែកឯខែវស្សាគឺមានទឹកដក់ជាច្រើនកន្លែង។
ប្រជាជនដែលរស់នៅភូមិគុតខាឃីម បានឲ្យដឹងថាពួកគេបានទាមទារ ព្រមទាំងស្នើសុំឲ្យមានការជួសជុលជាច្រើនលើកច្រើនសារមកហើយ ព្រោះតែវាពិបាកក្នុងការរស់នៅ និងការប្រកបរបររកស៊ីផ្សេងៗ។ តែអស់រយៈពេលជាង៥ឆ្នាំមកហើយ សំណើររបស់ពួកគេហាក់មិនទទួលបានលទ្ធផល ឬក៏ការអើពើអ្វីសោះឡើយ ដែលជាហេតុនាំឲ្យពួកគេធ្វើសកម្មភាពបញ្ឈឺផ្សេងៗដែលមានដូចជាការបង់សំណាញ់ត្រី ក្មេងៗហែលទឹកថ្លុក ដាំស្រូវ និងដំណាំផ្សេងៗ ដោយសង្ឃឹមថានឹងចែកចាយទៅដល់ក្រុមរាជរដ្ឋាភិបាលឲ្យចូលមកអភិវឌ្ឍន៍ផ្លូវមួយខ្សែនេះ៕





អត្ថបទ៖ មេសា