ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កូនឆ្កែកម្សត់ដើរចម្ងាយ ២១គីឡូម៉ែត្រ ដើម្បីរង់ចាំម្ចាស់ដែលបោះបង់វាចោល នៅកន្លែងដដែលយ៉ាងគួរឱ្យអាណិត

    BY autoadmin August 27, 2019
    កូនឆ្កែកម្សត់ដើរចម្ងាយ ២១គីឡូម៉ែត្រ ដើម្បីរង់ចាំម្ចាស់ដែលបោះបង់វាចោល នៅកន្លែងដដែលយ៉ាងគួរឱ្យអាណិត

    ថៃ៖ ការចិញ្ចឹមសត្វគឺជាការទទួលខុសត្រូវដ៏ធំមួយ ហើយក្នុងនាមជាម្ចាស់យើងគួរតែផ្តល់ជម្រកពិតសម្រាប់ពួកគេ និងមិនគួរបោះបង់ពួកគេចោលឡើយ ព្រោះវាអាចក្លាយជាបទពិសោធន៍ដ៏តក់ស្លុតសម្រាប់សត្វទាំងនោះ។ ជាក់ស្ដែងកូនឆ្កែតូចមួយនេះកំពុងតែទទួលបានការចាប់អារម្មណ៍ និងក្ដីអាណិតពីបណ្ដាអ្នកលេងបណ្ដាញសង្គម Facebook ដោយសារតែវាត្រូវបានម្ចាស់បោះបង់ចោល នៅលើចញ្ចើមផ្លូវឡើងភ្នំមួយកន្លែង។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ កូនឆ្កែដ៏ស្មោះត្រង់មួយនេះ ថែមទាំងបានដើរចម្ងាយ ២១គីឡូម៉ែត្រ ដើម្បីរង់ចាំម្ចាស់ដែលចិត្តដាច់នោះ មកទទួលវាទៅវិញនៅកន្លែងដដែលនោះទៀតផង។

    រឿងរ៉ាវបានកើតឡើង កាលពីថ្ងៃទី០៨ ខែសីហា នៅលើភ្នំ Doi Ang Khang របស់ខេត្តឈៀងម៉ៃ នៅពេលដែលបុរសម្នាក់ឈ្មោះ Panithan Rattanathum បានប្រទះឃើញកូនឆ្កែតូចសម្បុរខ្មៅនេះ ដេកលើចញ្ចើមផ្លូវម្ខាងរបស់ភ្នំយ៉ាងឯកោ។ កូនឆ្កែនេះមើលទៅហាក់ដូចជាកំពុងរង់ចាំនរណាម្នាក់ ជាមួយនឹងប្រដាប់ដាក់ទឹកមួយនៅក្បែរខ្លួនរបស់វាផងដែរ។ ដោយសារមានចិត្តអាណិតអាសូរ និងបារម្ភពីសុខភាពរបស់វា លោក Panithan ក៏បាននាំយកវាទៅរកបសុពេទ្យ។ លោកបានចាប់អារម្មណ៍ថា កូនឆ្កែនេះហាក់មានទម្លាប់ជាមួយរថយន្ត ដូច្នេះគាត់សង្ស័យថា វាត្រូវបានគេបោះបង់ចោល ឬវង្វេងផ្លូវ។

    លោក Panithan Rattanathum បានព្យាយាមស្វែងរកម្ចាស់របស់វាដែរ ប៉ុន្តែគាត់មិនអាចរកពួកគេឃើញនោះទេ។ ទីបំផុតគាត់ក៏បានយកវាមកចិញ្ចឹមដោយខ្លួនឯង និងបានដាក់ឈ្មោះវាថា “Lucky” ។ ប៉ុន្តែមួយសប្ដាហ៍ក្រោយមក Lucky បានរត់ចេញពីផ្ទះ ហើយម្ដាយរបស់លោក Panithan មានការភ័យតក់ស្លុតយ៉ាងខ្លាំង និងបានទូរស័ព្ទហៅលោក Panithan ឱ្យជួយតាមរកកូនឆ្កែនោះ។ លោកបានប្ដឹងប៉ូលិស ក៏ដូចជាប្រកាសរកតាមវិទ្យុ ហើយទីបំផុតលោក Panithan បានរកឃើញ Lucky នៅកន្លែងដដែល ដែលវាត្រូវបានគេបោះបង់ចោល មានចម្ងាយរហូតដល់ ២១គីឡូម៉ែត្រ ពីផ្ទះរបស់គាត់ឯណោះ។

    រឿងនេះត្រូវបានគាត់បង្ហោះលើបណ្ដាញ Facebook ដែលធ្វើឱ្យមានការចាប់អារម្មណ៍ជាច្រើន ជាមួយនឹងការចុចចូលចិត្តរហូតដល់ ៧៧,០០០ និងចែកចាយ ៣៧,០០០ ។ ថ្វីបើអតីតម្ចាស់របស់វានៅតែមិនទាន់បង្ហាញខ្លួន ប៉ុន្តែលោក Panithan Rattanathum និងម្ដាយឪពុករបស់គាត់ស្រឡាញ់ Lucky ណាស់ ហើយអាចនិយាយបានថា នេះជាផ្ទះពិតរបស់វារហូតទៅ៕

    អត្ថបទ៖ លីដា

    Share This Post: