ជប៉ុនកំពុងប្រកាសអាសន្នកម្រិតខ្ពស់បំផុតទី ៥ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូង
ទីភ្នាក់ងារឧតុនិយមរបស់ជប៉ុនបានចេញការព្រមានជាបន្ទាន់ ដល់ប្រជាជននៅ Kyushu បន្ទាប់ពីកោះភាគខាងត្បូងនេះត្រូវទទួលរងនូវភ្លៀងធ្លាក់ខ្លាំងកាលពីព្រឹកថ្ងៃពុធ ដែលបានគំរាមកំហែងធ្វើឱ្យមានការបាក់ដី ទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀត។ ទូរទស្សន៍សាធារណៈ NHK បាននិយាយថា សាកសពបុរសម្នាក់ត្រូវបានគេរកឃើញនៅក្នុងរថយន្តមួយគ្រឿង ដែលគាត់ហាក់ដូចជាត្រូវបានទឹកនាំទៅក្នុងខេត្ត Saga ដែលតំបន់មួយចំនួននៅទីនោះត្រូវបានវាយប្រហារដោយទឹកភ្លៀងលើសពី ១០០ មីលីម៉ែត្រ ក្នុងរយៈពេលមួយម៉ោង។
ទីភ្នាក់ងារអាកាសធាតុបាននិយាយថា ផ្នែកខ្លះនៃភាគខាងជើងនៃ Kyushu កំពុងជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង ដែលភ្លៀងធ្លាក់ខ្លាំងបែបនេះរយៈពេលពីរទៅបីទសវត្សរ៍ប៉ុណ្ណោះទើបអាចមានម្ដង។ សេវាកម្ម មធ្យោបាយដឹកជញ្ជូន និងធ្វើដំណើរផ្សេងៗត្រូវបានរំខាន ហើយជប៉ុនក៏បានប្រកាសអាសន្នទៅដល់ប្រជាជនរបស់ពួកគេ ដោយពួកគេបានប្រកាសអាសន្នកម្រិត ៥ នៅលើមាត្រដ្ឋាន ៥ ផងដែរ៕

អត្ថបទ៖ លីដា