ក្រុមអ្នករាំចំនួន ៣០០នាក់ បង្ហាញខ្លួននៅនឹងមុខស្ទូឌីយោកម្មវិធី “Good Morning America” ក្រោយពិធីការិនីកម្មវិធីនេះ បានសើចចំអកឱ្យព្រះអង្គម្ចាស់ចច ដោយសារទ្រង់ចូលចិត្តរបាំបាឡេ
ថ្មីៗនេះពិធីករទូរទស្សន៍ម្នាក់ឈ្មោះ Lara Spencer បានធ្វើការសុំការអភ័យទោស បន្ទាប់ពីកាលពីសប្ដាហ៍មុននាងបាននិយាយពាក្យមិនគួរសមនៅក្នុងកម្មវិធី “Good Morning America” ចំពោះការអត្ថាធិប្បាយរបស់នាង អំពីព្រះអង្គម្ចាស់ចច (Prince George) ដែលទ្រង់មានចំណូលចិត្តជាមួយនឹងរបាំបាឡេ។ ហើយកាលពីថ្ងៃចន្ទនេះ មានអ្នករាំរបាំបាឡេរហូតដល់ ៣០០នាក់ បាននាំគ្នាមកកាន់តំបន់ពាណិជ្ជកម្ម Times Square របស់ទីក្រុង New York ដើម្បីបង្ហាញការរាំរបាំបាឡេ និងសាមគ្គីភាព នៅនឹងមុខស្ទូឌីយោរបស់ GMA តែម្ដង។
គួរឱ្យដឹងផងដែរថា កាលពីសប្តាហ៍មុននាង Lara Spencer បានសើចក្អាកក្អាយ ខណៈកំពុងអធិប្បាយអំពីកាលវិភាគសាលារបស់ព្រះអង្គម្ចាស់ចច នៅក្នុងកម្មវិធី “Good Morning America”។ នាងនិយាយថា ព្រះអង្គម្ចាស់តូចនឹងមិនត្រឹមតែចាប់យកមុខវិជ្ជាមូលដ្ឋានដូចជា៖ គណិតវិទ្យា វិទ្យាសាស្ត្រ និងប្រវត្តិសាស្រ្តប៉ុណ្ណោះទេ! ទ្រង់ក៏នឹងចូលរួមក្នុងមុខវិជ្ជា “កំណាព្យ និងរបាំបាឡេ ជាច្រើនទៀត”។
នាងបាននិយាយនៅក្នុងកម្មវិធីថា៖ “អូហ៍ ទ្រង់មើលទៅសប្បាយចិត្តណាស់ ចំពោះថ្នាក់របាំបាឡេនេះ”។ ដោយបន្ដថា៖ “ព្រះអង្គម្ចាស់វីលៀម (Prince William) បានឱ្យដឹងថា ព្រះអង្គម្ចាស់ចចពិតជាស្រឡាញ់របាំបាឡេ … ខ្ញុំមានដំណឹងសម្រាប់ទ្រង់ ព្រះអង្គម្ចាស់វីលៀម គឺថាពួកយើងនឹងចាំមើលថា វានឹងបានយូរប៉ុណ្ណា”។ នាង Lara Spencer បានទទួលរងប្រតិកម្មភ្លាមៗចំពោះការអត្ថាធិប្បាយនេះ ដែលហាក់ដូចជាមិនឱ្យតម្លៃអ្នករបាំជាបុរស ហើយនាងត្រូវបានគេចោទប្រកាន់ពីបទបំភិតបំភ័យ (Bullying) ទៀតផង៕




អត្ថបទ៖ លីដា