បុរសវ័យ ៦៩ ឆ្នាំម្នាក់បាញ់សម្លាប់អតីតមិត្តរួមថ្នាក់ខ្លួនក្នុងពិធីជប់លៀងសិស្សរួមជំនាន់ ព្រោះកំហឹងកាលពីជាង ៥០ ឆ្នាំមុន
ថៃ៖ បុរសវ័យ ៦៩ ឆ្នាំម្នាក់បានបាញ់សម្លាប់អតីតមិត្តរួមថ្នាក់ខ្លួនក្នុងពិធីជប់លៀងសិស្សរួមជំនាន់ ដើម្បីសងសឹកនូវការឈឺចាប់ ដែលអតីតមិត្តរួមថ្នាក់រូបនោះបានធ្វើមកលើគាត់កាលពីជាង ៥០ ឆ្នាំមុន។ បុរសជាជនដៃដល់មានឈ្មោះថា Thanapat ជាទាហ៊ានជើងទឹកជនជាតិថៃ ដែលបានចូលនិវត្តន៍ពីការងារហើយ តែគាត់នៅមានកាំភ្លើងជាច្រើនដើមនៅជាប់ខ្លួន។ កាលពីឆ្នាំសិក្សា ១៩៦៦-១៩៦៧ ពោលគឺកាលពីប្រមាណជា ៥៣ ឆ្នាំមុន លោក Thanapat និងបុរសជាជនរងគ្រោះ ដែលមានឈ្មោះថា Suthud ជាមិត្តរួមថ្នាក់នឹងគ្នា ហើយគ្រានោះលោក Suthud ជាបងធំប្រចាំសាលា និងបានវាយធ្វើបាបលោក Thanapat ស្ទើរតែស្លាប់ខ្លួនរហូតលោក Thanapat ត្រូវបោះបង់ការសិក្សា និងគេចខ្លួនទៅរស់នៅកន្លែងឆ្ងាយបាត់។
ជាង ៥០ ឆ្នាំ មកនេះពួកគាត់មិនដែលបានជួបគ្នា និងដឹងថាអ្នកណាស្លាប់ឬអ្នកណានៅរស់ ឬកំពុងស្នាក់នៅទីណាឡើយ។ យ៉ាងណាក្តី កាលពីពេលថ្មីៗនេះ សាលារៀនដែលពួកគាត់ធ្លាប់បានរៀនរួមគ្នានោះបានប្រារព្ធពិធីជប់លៀងអតីតមិត្តរួមជំនាន់ ហើយពួកគាត់បានដឹងដំណឹងនេះតាមបណ្តាញសង្គម និងបានទៅចួលរួមកម្មវិធីជប់លៀងដូចគ្នា។
ក្នុងពិធីជប់លៀងនោះលោក Suthud អតីតបងធំ និងជាជនរងគ្រោះបានរម្លឹករឿងរ៉ាវចាស់ៗ ដែលគាត់ធ្លាប់បានធ្វើទៅកាន់លោក Thanapat ជាច្រើន ដែលធ្វើឲ្យលោក Thanapat បានចងចាំនូវភាពឈឺចាប់គ្រប់បែបយ៉ាង ដែលគាត់ធ្លាប់ទទួលកាលពីជាង ៥០ ឆ្នាំមុន ហើយដោយទប់កំហឹងមិនបានគាត់ក៏បានទាញកាំភ្លើងបាញ់សម្លាប់លោក Suthud នៅក្នុងពិធីជប់លៀងនោះតែម្តង។ ក្រោយបាញ់សម្លាប់ជនរងគ្រោះរួច លោក Thanapat បានបន្តអង្គុយជក់បារីនៅកន្លែងកើតហេតុនោះតែម្នាក់ រហូតដល់ប៉ូលិសទៅដល់ទើបគាត់ព្រមប្រគល់ខ្លួនឲ្យប៉ូលិសចាប់តាមសម្រួល និងព្រមទទួលទោសគ្រប់បែបយ៉ាងតាមការកំណត់របស់ច្បាប់៕

អត្ថបទ៖ ភក្តី