អស្ចារ្យណាស់! ប្រើប្រាស់ត្រឹមតែ អំបិល ម្រេច និងក្រូចឆ្មារ ក៏អាចដោះស្រាយបញ្ហាសុខភាពបានល្អប្រសើរជាងថ្នាំមួយចំនួនទៅទៀត
អ្នកប្រហែលជាមិនធ្លាប់បានដឹងទេថា គ្រឿងផ្សំដ៏សាមញ្ញដូចជា ម្រេច ក្រូចឆ្មារ និងអំបិល អាចប្រែទៅជាឱសថធម្មជាតិដែលមានប្រសិទ្ធភាពធ្វើឲ្យអ្នកទទួលបាននូវសុខភាពល្អ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យអ្នកបានដឹងអំពីរបៀបផលិត ឬផ្សំ និងគួរអនុវត្តន៍បែបណា ហើយថាតើគ្រឿងផ្សំទាំង ៣ នេះអាចព្យាបាលជម្ងឺអ្វីបានខ្លះ៖
១. បំបាត់អាការៈឈឺបំពង់ក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយ ទឹកក្រូចឆ្មារចំនួន ១ ស្លាបព្រាបាយ ម្រេចខ្មៅ កន្លះស្លាបព្រាកាហ្វេ និងអំបិលចំនួន ១ ស្លាបព្រាកាហ្វេពេញ ចូលទៅក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឲ្យសព្វជាមុនសិន សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះឲ្យបាន ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ ដើម្បីបំបាត់អាការៈឈឺបំពង់ក និងបង្ការការក្អក។

២. បំបាត់អាការៈតឹងច្រមុះ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយ ម្រេចខ្មៅ ម្ស៉ៅឈើអែម គ្រាប់ម្អម និង គ្រាប់ក្រវាញ ក្នុងបរិមាណស្មើគ្នា។ ដាក់ល្បាយទាំងអស់ចូលទៅក្នុងត្បាល់បុក ហើយបុករហូតទាល់តែម៉ត់ក្លាយជាម្ស៉ៅ។ បន្ទាប់មកអ្នកគ្រាន់តែហិតល្បាយនេះយឺតៗដើម្បីឲ្យកណ្ដាស់។

៣. បំបាត់គ្រួសក្នុងប្រមាត់ ៖ ជាធម្មតាគេព្យាបាលជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ ដោយការវះកាត់យកវាចេញ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនអាចធូរស្បើយពីជម្ងឺ ហើយគ្រួសត្រូវបានរលាយអស់ ដោយគ្រាន់តែទទួលទានឱសថបែបធម្មជាតិម្យ៉ាងដែលផ្សំឡើងពី ប្រេងអូលីវចំនួន ៣ ភាគ ទឹកក្រូចឆ្មារចំនួន ១ ភាគ និងម្រេចខ្មៅ ១ ភាគ។

៤. ពងបែក ឬដំបៅក្នុងមាត់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរំលាយអំបិលចំនួន ១ ស្លាបព្រាបាយ ក្នុងទឹកក្ដៅឧណ្ហៗចំនួន ១ ពែង បន្ទាប់មកខ្ពុរមាត់ជាមួយនឹងទឹកអំបិលនេះនៅរៀងរាល់ពេលក្រោយពីទទួលទានអាហាររួច។ ទឹកអំបិលមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ចោលនូវពពួកបាក់តេរីអាក្រក់ៗ និងថែមទាំងជួយឲ្យឆាប់ជាសះស្បើយផងដែរ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរច្របាច់ក្រូចឆ្មារចូលបន្តិច។

៥. ជួយដល់ការស្រកទម្ងន់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកល្បាយម្យ៉ាងដែលផ្សំឡើងពី ម្រេចខ្មៅម៉ត់ចំនួន ១/៤ ស្លាបព្រាកាហ្វេ ទឹកក្រូចឆ្មារចំនួន ២ ស្លាបព្រាបាយ ទឹកឃ្មុំ ១ ស្លាបព្រាបាយ និងទឹកក្ដៅឧណ្ហៗចំនួន ១ កែវ។ កូរឲ្យសព្វសិន សឹមទទួលទាន។ ទឹកល្បាយនេះជួយសម្រួលដល់ការរំលាយអាហារ ការពារកុំឲ្យឡើងទម្ងន់ និងដុតបំលែងជាតិខ្លាញ់មិនល្អ។

៦. បំបាត់អាការៈចង្អោរចង់ក្អួត និងកាត់បន្ថយការឈឺក្រពះ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារចំនួន ១ ស្លាបព្រាបាយ ជាមួយនឹងម្រេចខ្មៅចំនួន ១ ស្លាបព្រាកាហ្វេ ចូលក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ ទទួលទានភេសជ្ជៈនេះយឺតៗ។

៧.ចំពោះការហូរឈាមច្រមុះ ៖ ដើម្បីបញ្ឈប់ការហូរឈាមច្រមុះ ចូរច្របាច់ក្រូចឆ្មារបន្តិចលើសំឡី បន្ទាប់មកដាក់ចូលរន្ធច្រមុះ។ ខណៈពេលធ្វើដូចនេះត្រូវប្រាកដថា អ្នកជម្ងឺអោនក្បាលមកមុខ ឬចុះបន្តិច ហើយមិនត្រូវងើយក្បាលទៅក្រោយឡើង ក៏ព្រោះវាអាចបណ្ដាលឲ្យឈាមហូរចាក់ចូលក្នុងបំពង់កដែលនឹងធ្វើឲ្យចង្អោរចង់ក្អួត។

៨. ទប់ទល់នឹងជម្ងឺហឺត ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់ម្រេចចំនួន ១០ គ្រាប់ ផ្កាក្លាំងពូក្រពុំចំនួន ២ ម្រះព្រៅចំនួន ១៥ ស្លឹក ចូលក្នុងទឹក ១ ពែង រួចរម្ងាស់រហូតដល់ពុះតិចៗសម្រាប់រយៈពេល ១៥ នាទី។ ចាក់ទឹកល្បាយចូលក្នុងក្រឡមួយដែលមានគម្រប។ បន្ថែមទឹកឃ្មុំចំនួន ២ ស្លាបព្រាបាយចូល រួចទុកឲ្យចុះត្រជាក់។ ល្បាយនេះអាចរក្សាទុកបានរហូតដល់ទៅ ២ សប្តាហ៍ ប្រសិនបើអ្នករក្សាទុកវាក្នុងទូរទឹកកក។ ដើម្បីទទួលបានរសជាតិកាន់តែប្រសើរ ចូរទទួលទានលាយជាមួយនឹងទឹកដោះគោស្រស់។

៩. ព្យាបាលជម្ងឺផ្ដាសាយធម្មតា និងផ្ដាសាយធំ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារម្ខាងចូលក្នុងទឹកដាំពុះចំនួន ១ ពែងធំ។ កុំភ្លេចដាក់សាច់ និងសំបកក្រូចឆុងក្នុងទឹកធម្មតាសម្រាប់រយៈពេល ១០ នាទីផង។ បន្ទាប់មកស្រង់សាច់ និងសំបកក្រូចចេញ រួចបន្ថែមទឹកឃ្មុំឆៅចំនួន ១ ស្លាបព្រាបាយពេញចូល។ ទទួល
ទានរហូតទាល់តែអាការៈបានធូរស្បើយ។

១០. បំបាត់ការឈឺធ្មេញ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្រេចម៉ត់ចំនួន ១ ស្លាបព្រាកាហ្វេ ជាមួយប្រេងផ្កាក្លាំងពូចំនួន ១ ស្លាបព្រាកាហ្វេដូចគ្នា។ លាយឲ្យសព្វ រួចលាបល្បាយនេះទៅលើធ្មេញដែលឈឺ៕
អត្ថបទ ៖ Bee
ប្រភព ៖ Dailyhealthpost