ដំណើរការកំណែនៃការប្រឡងបាក់ឌុបរយៈពេល១សប្តាហ៍បានបញ្ចប់ហើយ នៅតែបូកស្រង់ពិន្ទុដោយកំុព្យូទ័រ កាលបរិច្ឆេទប្រកាសលទ្ធផលនឹងចេញតាមការគ្រោងទុក
ភ្នំពេញ៖ ដំណើរការកំណែនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា បានបញ្ចប់ទៅជោគជ័យ នេះបើយោងតាមការបង្ហោះរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកនេះ។ ដំណើរការកំណែនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១៩ សីហា ២០១៩ បានប្រព្រឹត្តិទៅរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២២-២៨ ខែសីហា ឆ្នាំ២០១៩ ក្រសួងបានបញ្ជាក់ថាដំណើរការកំណែបានប្រព្រឹត្តិទៅដោយរលូន និងប្រសិទ្ធភាពខ្ពស់ហើយមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ នៅតាមមណ្ឌលកំណែទាំង១០ ក្នុងរាជធានីភ្នំពេញ។
ជាពិសេសគណៈកម្មការកំណែទាំងអស់ គោរពតាមបទបញ្ញត្តិនៃដំណើរការកំណែបានល្អ និងអនុវត្តតាមកម្រងភារកិច្ច ប្រកបដោយភាពហ្មត់ចត់ ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់។ ដំណើរការកំណែបានប្រព្រឹត្តិទៅ ដោយមានកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ដែលរួមមានអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ច និងមន្រ្តីសុខាភិបាល។ ដំណើរការបន្ទាប់ គឺជាដំណើរការបូកស្រង់ពិន្ទុដោយកុំព្យូទ័រ តាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ និងនៅតាមមណ្ឌលប្រឡងផ្សេងៗទៀតនៅនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩៕


ប្រភព៖ ក្រសួងអប់រំ