៥ កន្លែងក្នុងប្រទេសជប៉ុន ដែលដើរលេងសប្បាយ ហើយអស់លុយតិចទៀត
មនុស្សគ្រប់គ្នាតែងគិតថា ការធ្វើដំណើរកំសាន្តនៅក្នុងប្រទេសជប៉ុនមានតម្លៃខ្ពស់ តែបន្ទាប់ពីលោកអ្នកអានអត្ថបទនេះរួច លោកអ្នកនឹងបានដឹងថា ការកំសាន្តនៅកន្លែងសំខាន់ៗមួយចំនួននៅក្នុងប្រទេសជប៉ុនមានតម្លៃសមរម្យពោលគឺអស់ត្រឹម២៤ ដុល្លារប៉ុណ្ណោះ។ យោងតាមសារព័ត៌មាន WORLDOFBUZZ របស់ម៉ាឡេស៊ី បានចុះផ្សាយថា កន្លែងចំនួន ៥ ដែលលោកអ្នកអាចទៅកំសាន្តដោយប្រើលុយតិចនោះមានដូចជា៖
១. ទីសក្ការៈបូជាប្រវត្តិសាស្រ្ត Naritasan Shinshoji ក្នុងក្រុង Narita៖ ដើម្បីទៅដល់កន្លែងនេះពេលលោកអ្នកចុះពីព្រលានយន្តហោះ Narita ភ្លាម លោកអ្នកត្រូវដើរប្រមាណជា ១៥ នាទី ដើម្បីទៅទស្សនាកន្លែងនេះដោយសេរី តែបើលោកអ្នកធ្វើដំណើរតាមមធ្យោបាយផ្សេងក៏មានតម្លៃថោកដែរ។

២. ទៅជិះទូកដោយសេរីនៅឧទ្យាន Yokojikkengawa Shinsui Park៖ ដើម្បីទៅដល់កន្លែងនេះពេលលោកអ្នកចេញពីព្រលានយន្តហោះ Narita ភ្លាមលោកអ្នកត្រូវជិះរថភ្លើងក្រោយដីទៅកាន់ស្ថានីយ៍ Tokyo Metro Toyocha តាមខ្សែរថយន្តភ្លើង Tozai Line ដែលតម្លៃនៃការជិះរថភ្លើងនេះគឺមិនថ្លៃនោះទេ។ ពេលទៅដល់ស្ថានីយ៍ Tokyo Metro Toyocha លោកអ្នកត្រូវដើរបន្ត ១៥ នាទីទៀត ទើបអាចទៅលេងកន្លែងនេះដោយសេរីបាន។

៣. ទៅលេងកសិដ្ឋាន Yume Bokujo៖ ដើម្បីទៅដល់កសិដ្ឋាននេះលោកអ្នកត្រូវជិះខ្សែរថភ្លើង JR Narita Line ចេញពីព្រលានយន្តហោះ Narita ទៅកាន់ក្រុង Choshi តែលោកអ្នកត្រូវចុះនៅស្ថានីយ៍ Namegawa ពេលមកដល់ត្រឹមនេះនឹងមានរថយន្តក្រុងមកដឹកលោកអ្នកបន្តទៅកាន់កសិដ្ឋានដោយមិនគិតប្រាក់ តែពេលចូលទៅទស្សនាក្នុងកសិដ្ឋានលោកអ្នកត្រូវទិញសំបុត្រដែលមានតម្លៃ ១៣ ដុល្លារបន្ថែមទៀត។

៤. ជិះកន្រ្តក និងនាវានៅ Akechidaira Plateau ក្នុងក្រុង Nikko៖ តម្លៃសំបុត្រជិះកន្រ្តកទៅលើភ្នំគឺ ៧ ដុល្លារ ចំណែកសំបុត្រជិះនាវាកំសាន្តគឺ ១២ ដុល្លារ។ យ៉ាងណាក្តី ដើម្បីទៅដល់កន្លែងនេះលោកអ្នកត្រូវជិះរថយន្តក្រុងពីព្រលានយន្តហោះ Narita ដោយប្រើពេល ៣ ម៉ោង និងអស់ថ្លៃជិះរថយន្តក្រុង ៤០ ដុល្លារជាមុនសិន ទើបទៅដល់កន្លែងនេះផ្ទាល់តែម្តង។

៥. ជិះឆៃកែវកំសាន្តក្នុងក្រុង Asakusa៖ តម្លៃនៃការជិះឆៃកែវគឺ ១៩ ដុល្លារ សម្រាប់មនុស្សពីរនាក់។ ដើម្បីទៅដល់ក្រុងនេះ លោកអ្នកត្រូវជិះខ្សែររថយន្តភ្លើង JR Yamanote Line ចេញពីស្ថានីយ៍ Tokyoទៅកាន់ស្ថានីយ៍ Kanda ។ ពេលទៅដល់ស្ថានីយ៍ Kanda លោកអ្នកត្រូវប្តូរទៅជិះខ្សែរថភ្លើង Ginza Subway Line វិញម្តងទើបមានទិសដៅទៅកាន់ក្រុង Asakusa ។ តម្លៃនៃការជិះរថភ្លើងនេះអស់ត្រឹម ៣ ដុល្លារប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី











