ប្រទេសថៃគ្រោងនឹងធ្វើជាមជ្ឈមណ្ឌលអគ្គិសនី សម្រាប់ផ្គត់ផ្គង់តំបន់អាស៊ីអាគ្នេយ៍
យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា ប្រទេសថៃនឹងបង្កើនបរិមាណថាមពលអគ្គិសនីពីប្រទេសឡាវចំនួន ៣ដង ហើយនឹងលក់បន្ដទៅឱ្យប្រទេសម៉ាឡេស៊ី ខណៈកំពុងជំរុញធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ដែលលាតសន្ធឹងពីប្រទេសកម្ពុជាទៅប្រទេសមីយ៉ាន់ម៉ា ដែលជាការចាំបាច់សម្រាប់ការធ្វើពាណិជ្ជកម្មថាមពលឆ្លងព្រំដែន។ ចំណែកប្រទេសឡាវផ្ទាល់ ក៏កំពុងសាងសង់ទំនប់វារីអគ្គិសនីថ្មីនៅក្នុងទស្សវត្សចុងក្រោយនេះ និងបានដាក់ឈ្មោះខ្លួនថាជា “អាគុយនៃភាគអាគ្នេយ៍” ទៀតផង។
អគ្គនាយកការិយាល័យគោលនយោបាយ និងផែនការថាមពលរបស់ប្រទេសថៃ លោក Wattanapong Kurovat មានប្រសាសន៍ថា វិធានការនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋមន្រ្តីក្រសួងថាមពល ដើម្បីធ្វើឱ្យប្រព័ន្ធថាមពលរបស់ថៃមានលក្ខណៈសាមញ្ញ ធ្វើឱ្យវាមានតម្លៃថោក និងមានប្រសិទ្ធភាពជាងមុន។ ផែនការនេះនឹងត្រូវឱ្យប្រទេសថៃទិញអគ្គិសនីបន្ថែមពីប្រទេសឡាវ ដែលប្រទេសនេះកំពុងផលិតអគ្គិសនីច្រើនលើសពីតម្រូវការខ្លួនត្រូវការ ចេញពីទំនប់នៅតាមដងទន្លេមេគង្គ និងដៃទន្លេ។
ប្រទេសថៃនឹងបន្ថែមថាមពលអគ្គិសនីក្នុងបណ្តាញអគ្គិសនីរបស់ខ្លួន ដើម្បីលក់ទៅឱ្យប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា និងកម្ពុជា។ ប្រទេសថៃក៏មានទំនាក់ទំនងបណ្តាញអគ្គិសនីជាមួយឡាវ និងម៉ាឡេស៊ី រួចស្រាប់ទៅហើយ ដោយចាប់តាំងពី ឆ្នាំ២០១៨ ម៉ាឡេស៊ីបានទិញអគ្គីសនីពីប្រទេសឡាវចំនួន ១០០មេហ្កាវ៉ាត់ ឆ្លងកាត់ប្រទេសថៃ ហើយកំពុងសម្លឹងមើលការបង្កើនបរិមាណដល់ ៣០០មេហ្គាវ៉ាត់ បន្ថែមទៀត។ ទីប្រជុំជនព្រំដែនក្នុងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា ក៏បាននឹងកំពុងទិញអគ្គិសនីតិចតួចពីប្រទេសថៃផងដែរ៕


អត្ថបទ៖ លីដា