ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្ពោធបញ្ជាការអវកាសជាផ្លូវការ
លោក ដូណាល់ ត្រាំ បានរៀបចំព្រឹត្តិការណ៍ Rose Garden ដើម្បីរំឭកដល់ការបង្កើត «បញ្ជាការអវកាស» សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះ ខណៈលោកប្រធានាធិបតីក៏កំពុងជំរុញឱ្យបង្កើតសាខា ទី៦ របស់យោធា នោះគឺ «កងកម្លាំងអវកាស» ។ ហើយតាមរបាយការណ៍បានឱ្យដឹងថា សហរដ្ឋអាមេរិកទំនងជាបង្កើតបញ្ជាការអវកាសយោធានេះ ក្នុងគោលបំណងប្រឆាំងនឹងចិន និងរុស្ស៊ីក្នុងលំហ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោក ត្រាំ គាត់មិនបានបញ្ជាក់ពីឈ្មោះចិន និងរុស្ស៊ីនោះទេ ប៉ុន្តែគាត់បាននិយាយថា សត្រូវរបស់អាមេរិកកំពុងបំពាក់អាវុធនៅលើគន្លងផែនដី ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ដែលផ្តោតលើផ្កាយរណបអាមេរិក។ គាត់បានបន្ថែមទៀតថា សេរីភាពរបស់ប្រទេសរអាមេរិកក្នុងការធ្វើប្រតិបត្តិការនៅទីអវកាសគឺចាំបាច់ ដើម្បីរុករក និងបំផ្លាញមីស៊ីល ដែលបានបាញ់ប្រឆាំងនឹងសហរដ្ឋអាមេរិក។
គួរឱ្យដឹងដែរថា បញ្ជាការអវកាសថ្មី គឺជាបញ្ជាការប្រយុទ្ធ ទី១១ របស់យោធាអាមេរិក។ វានឹងទទួលខុសត្រូវចំពោះប្រតិបត្តិការដូចជា៖ ការព្រមានមីស៊ីល ការទំនាក់ទំនងផ្កាយរណប និងការឃ្លាំមើលអវកាស។ រដ្ឋបាលលោក ត្រាំ មើលឃើញថា ទីបញ្ជាការថ្មីនេះថា គឺជាអ្នកឈានមុខគេទៅនឹងកម្លាំងអវកាសមួយ ដែលខ្លួនមានបំណងបង្កើតនៅឆ្នាំក្រោយ ហើយវាជាសាខារបស់យោធាដូចជាកងទ័ព និងកងទ័ពជើងទឹក ផងដែរ៕


អត្ថបទ៖ លីដា