ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីបាញ់សម្លាប់គ្រូបង្រៀន តាមពិតគឺជាប្រពន្ធដែលមកយំឱបសពប្តីនៅកន្លែងកើតហេតុ
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានស្រាវជ្រាវបំបែកសំណុំរឿងករណីឃាត់កម្ម (បាញ់សម្លាប់កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២៣ និង៣០នាទី នៅចំណុចតាមផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មូញ ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យ០២នាក់ (ឃាត់ខ្លួនម្នាក់ គេចខ្លួនម្នាក់)។ ដោយកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៦និង៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ និងម្នាក់ទៀតបានរត់គេចខ្លួនបាត់បច្ចុប្បន្នសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន។
ជនសង្ស័យឈ្មោះ ឃឿង ស៊ីហ៊ន ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២ ផ្លូវ២១០ ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ។ ជនរងគ្រោះឈ្មោះ រឿន រតនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរគ្រូបង្រៀននៅវិទ្យាល័យទួលប្រសាទសែនសុខ ស្នាក់នៅផ្ទះលេខ២ ផ្លូវ២១០ ភូមិសែនសុខ៥ សង្កាត់ឃ្មូញ ខណ្ឌសែនសុខ (ត្រូវគ្រាប់ចំពោះខាងឆ្វេងស្លាប់)។ វត្ថុតាងបន្សល់ទុក សំបកគ្រាប់កាំភ្លើង០១គ្រាប់ និងម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ រតនគីរី 1E-7838 (របស់ជនរងគ្រោះ) ។

លោកវរសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានបញ្ជាក់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង១៨នាទី ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួន ដឹកមិត្តស្រីរបស់ខ្លួនចេញពីភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មកផ្ទះជួលរបស់មិត្តស្រីស្ថិតនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ លុះដល់ម៉ោង២២ និង៣០នាទី ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះជួលរបស់មិត្តស្រី មកផ្ទះរបស់ខ្លួន ស្ថិតនៅភុមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ពេលជនរងគ្រោះជិះម៉ូតូដល់ចំណុចកើតហេតុ វេលាម៉ោង២៣ និង៣០នាទី។ សមត្ថកិច្ចបានទទួលព័ត៌មានថានៅចណុចខាងលើ មានករណីបាញ់សម្លាប់មនុស្សប្រុសម្នាក់ ក្រោយពីទទួលព័ត៌មាន សម្ថតកិច្ចយើងចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យសហការជាមួយការិយាល័យកោសលវិច្ច័យ និងវិទ្យាសាស្ត្រ និងបានស្រាវជ្រាវតាមកាំមេរ៉ាសុវត្ថិភាព និងតាមរយៈលេខទូរស័ព្ទទំនាក់ទំនងជាមួយជនរងគ្រោះមុនពេលកើតហេតុ បានកំណត់ភិនភាគជនសង្ស័យ និងបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឃឿន ស៊ីហ៊ន ត្រូវជាប្រពន្ធរបស់ជនរងគ្រោះនិងតាមចម្លើយសារភាពរបស់ជនសង្ស័យត្រូវជាប្រពន្ធរបស់ជនរងគ្រោះថា កន្លងមកខ្លួន និងប្តី(ជនរងគ្រោះ) ធ្លាប់មានទំនាស់រស់នៅមិនចុះសម្រុងនិងគ្នា ហើយតែងតែឈ្មោះគ្នាជាញឹកញាប់។
ជនរងគ្រោះ និងជនដៃដល់ឈ្មោះ មករា បានមានទំនាស់ជាមួយជនរងគ្រោះនៅពេលផឹកស៊ី នៅនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ហើយជនដៃដល់ឈ្មោះ មករា បានទូរស័ព្ទមកជនសង្ស័យ ឈ្មោះ ឃឿន ស៊ីហ៊ន ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ ដើម្បីរៀបគរោង សម្លាប់ជនរងគ្រោះ ដោយជនសង្ស័យឈ្មោះ ឃឿន ស៊ីហ៊ន ជាអ្នកមើលផ្លូវ និងរាយការណ៍ពីសកម្មភាពក្នុងពេលធ្វើដំណើរ ដល់ជនសង្ស័យឈ្មោះ មករា (គេចខ្លួន) លុះដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះបានទៅលេងស្រុកភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយជនសង្ស័យបានទូរស័ព្ទហៅឲ្យជនរងគ្រោះត្រឡប់មកផ្ទះវិញ ហើយជនសង្ស័យឈ្មោះ ឃឿន ស៊ីហ៊ន បានទូរស័ព្ទទៅបានជនដៃដល់ពីដំណើររបស់ជនរងគ្រោះ លុះវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ជនរងគ្រោះ ត្រូវបានជនសង្ស័យឈ្មោះ មករា ធ្វើសកម្មភាពបាញ់បណ្តាលឲ្យស្លាប់នៅចំណុចកើតហេតុខាងលើ រួចជនសង្ស័យបានគេចខ្លួនបាត់។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ