អាជ្ញាធរអប្សរា សំណូមពរឲ្យរថយន្តគ្រប់ប្រភេទ ចូលចតក្នុងចំណត ចៀសវាងចតឥតសណ្តាប់ធ្នាប់នៅមុខប្រាសាទអង្គរវត្ត
សៀមរាប៖ អាជ្ញាធរជាតិអប្សរាបានសំណូមពរឲ្យរថយន្តគ្រប់ប្រភេទចូលចតក្នុងចំណតដើម្បីសណ្ដាប់ធ្នាប់សាធារណៈទូទៅ ។ កន្លងមក អាជ្ញាធរជាតិអប្សរា បានរៀបចំចំណតសម្រាប់យានយន្តគ្រប់ប្រភេទដែលមានបរិវេណធំទូលាយ ដែលស្ថិតនៅប៉ែកខាងត្បូងឈៀងខាងកើតនៃមុខប្រាសាទអង្គរវត្ត។ ការរៀបចំចំណតនេះ ទទួលបានការគាំទ្រពីសំណាក់អ្នកបើកបរយានយន្ត និងរ៉ឺម៉កកង់បីជាច្រើន ដោយមានពលរដ្ឋជាច្រើនបានបង្ហាញស្មារតីចូលរួមទទួលខុសត្រូវខ្ពស់ចូលចត និងដាក់ភ្ញៀវចុះតាមទីតាំងដែលបានកំណត់។ សកម្មភាពទាំងនោះបានធ្វើឱ្យសណ្ដាប់ធ្នាប់សាធារណៈនិងរបៀបរៀបរយនៅមុខប្រាសាទអង្គរវត្តមានភាពកាន់តែល្អប្រសើរ។
បើទោះជាមានយានយន្តជាច្រើនចូលចតក្នុងចំណតរថយន្តប្រកបដោយរបៀបរៀបរយយ៉ាងណាក៏ដោយ អាជ្ញាធរជាតិអប្សរាក៏សង្កេតឃើញម្ចាស់យានយន្តមួយចំនួនពុំបានចូលចត និងដាក់ភ្ញៀវចុះតាមទីតាំងកំណត់ដែរ ដែលការណ៍នេះបានបង្កឱ្យមានភាពកកស្ទះ និងគ្មានសណ្ដាប់ធ្នាប់នៅមុខប្រាសាទអង្គរវត្តដោយអន្លើ។ ក្នុងគោលបំណងបញ្ជៀសភាពកកស្ទះ និងសភាពគ្មានសណ្តាប់ធ្នាប់ទាំងនេះ អាជ្ញាធរជាតិអប្សរាសូមអំពាវនាវឱ្យក្រុមហ៊ុនឬទីភ្នាក់ងារទេសចរណ៍ ម្ចាស់យានយន្ត មគ្គុទ្ទេសក៍ទេសចរណ៍ ចូលចតយានយន្តក្នុងចំណតដែលអាជ្ញាធរជាតិអប្សរាបានរៀបចំរួចរាល់ ដើម្បីឱ្យសណ្ដាប់ធ្នាប់នៅប្រាសាទអង្គរវត្តមានរបៀបរៀបរយ ស័ក្ដិសមជាគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា។ អាជ្ញាធរជាតិអប្សរាសង្ឃឹម និងជឿជាក់ថា សាធារណជនទាំងអស់ នឹងចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់៕









ប្រភព៖ អាជ្ញាធរជាតិអប្សរា