ចិន នឹងដាក់ដំណើរការសេវាកម្មតាក់ស៊ីបើកបរដោយគ្មានតៃកុង
- BY
- autoadmin
- August 31, 2019
Didi Chuxing ដែលជាសេវាកម្មដឹកជញ្ជូនរបស់ប្រទេសចិន បានប្រកាសផែនការរបស់ខ្លួន ក្នុងការបើកដំណើរការសេវាកម្ម «រ៉ូបូតាក់ស៊ី» នៅសៀងហៃ ដែលជាបច្ចេកវិទ្យាបើកបរដោយខ្លួនឯងគ្មានតៃកុង។ ក្រុមហ៊ុននេះនឹងដាក់ពង្រាយយានយន្ដចំនួន ៣០ប្រភេទផ្សេងគ្នា ដែលហៅថាយានយន្ដស្វ័យប្រវត្តិកម្រិត ៤ នៅក្នុងស្រុក Jiading នៃទីក្រុងសៀងហៃ។ រថយន្តបើកបរដោយខ្លួនឯងកម្រិត ៤ មានកម្រិតស្វ័យភាពខ្ពស់ ប៉ុន្តែអ្នកបើកបរនៅតែអាចគ្រប់គ្រងដោយដៃខ្លួនឯងបាន។
គម្រោងសាកល្បងរបស់ Didi នឹងរួមបញ្ចូលទាំងយានយន្តស្វ័យប្រវត្តិ និងយានយន្តបើកបរដោយមនុស្ស សម្រាប់រយៈពេលនៃគម្រោងនេះ។ វាជាក្រុមហ៊ុនចុងក្រោយបង្អស់ ដែលប្រកាសពីគម្រោងសាកល្បងរ៉ូបូតាក់សុី ខណៈប្រទេសចិនកំពុងព្យាយាមជំរុញការអភិវឌ្ឍភាពវៃឆ្លាតសិប្បនិម្មិត (AI) ដែលរួមបញ្ចូលទាំងរថយន្តគ្មានអ្នកបើកបរនេះ។ ប្រទេសចិនចង់ក្លាយជាអ្នកឈានមុខគេលើពិភពលោកជាមួយនឹង AI នៅឆ្នាំ២០៣០។
Didi Chuxing មិនមែនជាក្រុមហ៊ុនចិនទីមួយ ដែលដាក់ដំណើរការសេវាកម្មនេះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Baidu កំពុងត្រៀមបើកដំណើរការសេវាកម្មរ៉ូបូតាក់ស៊ីនៅ Changsha នាចុងឆ្នាំនេះ ខណៈពេលដែល Pony.ai ក៏កំពុងអនុវត្តគម្រោងផ្ទាល់ខ្លួននៅស្រុក Nansha នៃខេត្ត Guangzhou ៕

អត្ថបទ៖ លីដា
- Share This Post:






