គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ប្រកាសបើកការប្រឡងប្រណាំងគម្រោងស្ថាបត្យកម្ម «វិថីលក់ម្ហូបអាហារ» នៅក្រុងកំពត ខេត្តកំពត
ភ្នំពេញ ៖ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ដែលនឹងប្រព្រឹត្តទៅនាចុងឆ្នាំ២០១៩នេះ ក្រសួងទេសចរណ៍ បានជំរុញឱ្យមានការចូលរួមប្រឡងប្រណាំងរៀបចំគម្រោងស្ថាបត្យកម្ម «វិថីលក់ម្ហូបអាហារ» នៅក្រុងកំពតឱ្យបានផុសផុល ដោយកំណត់យកខេត្តកំពត ជាខេត្តគំរូមុនគេរៀបចំវិថីលក់ម្ហូបអាហារ ឬហៅថា Food Street នេះ។ គណៈកម្មាធិការជាតិវាយតំលៃទីក្រុងស្អាត និងក្រសួងទេសចេណ៏ បានរៀបចំសិក្ខាសាលាមួយ ដើម្បីផ្សព្វផ្សាយកម្មវិធីប្រឡងប្រណាំងគម្រោងស្ថាបត្យកម្ម «វិថីលក់ម្ហូបអាហារ» នៅខេត្តកំពត នៅសណ្ឋាគារអូឡាំព្យាស៊ីធី នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ណេប សាមុត អគ្គលេខាធិការគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាអគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍។
ការប្រឡងប្រណាំងនេះគឺបើកទូលាយជាសាធារណៈឱ្យដល់និស្សិតឆ្នាំទី៣ ឆ្នាំទី៤ និងឆ្នាំទី៥ ឬបញ្ចប់ការសិក្សាដែលមានជំនាញស្ថាបត្យកម្ម នគរូបនីយវិទ្យា ទេសចរណ៍ ឬជំនាញពាក់ពន្ធ ដែលអាចចុះឈ្មោះបានដោយសេរីតាមរយៈអនឡាញក៏បាន (ស្កេន QR Code នៅលើខិត្តបណ្ណផ្សព្វផ្សាយ) ឬអាចដាក់ពាក្យដោយផ្ទាល់នៅអគ្គលេខាធិការដ្ឋាន គ.ជ.វ.ទ. ដែលមានទីតាំងនៅទីស្ដីការក្រសួងទេសចរណ៍។ គ.ជ.វ.ទ. គ្រោងនឹងប្រកាសលទ្ធផលជ័យលាភីនៅបំណាច់ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ អមជាមួយការផ្ដល់ជូនរង្វាន់លើកទឹកចិត្តចំនួន ៣ក្រុម ដែលរួមមាន៖ ចំណាត់ថ្នាក់លេខ១ ថវិកា ៤លានរៀល ,ចំណាត់ថ្នាក់លេខ២ ថវិកា ៣លានរៀល និង ចំណាត់ថ្នាក់លេខ៣ ថវិកា ២លានរៀល៕


ប្រភព៖ ក្រសួងទេសចរណ៍