អ្នកណាថាលើលោកនេះគ្មានស្នេហ៍ពិត! ស្រ្តីអូស្រ្តាលីម្នាក់សុខចិត្តជិះយន្តហោះរាប់ម៉ឺនគីឡូដី មករៀបការជាមួយបុរសជាអ្នកបោសសំអាត ក្រោយស្គាល់គ្នាតាម App ទូរស័ព្ទមួយ
ឥណ្ឌូនេស៊ី៖ ពេលខ្លះស្នេហ៍ពិតអាចកើតឡើងបានក្នុងរូបភាពចៃដន្យ ឬក្នុងលក្ខខណ្ឌតានតឹងបំផុតមួយ ដែលមនុស្សមួយចំនួនពុំធ្លាប់ស្មានដល់នោះទេ។ ជាក់ស្ដែងមង្គលការរវាងស្រ្តីជនជាតិអូស្ត្រាលីម្នាក់ ជាមួយនឹងបុរសជាអ្នកបោសសំអាតឥណ្ឌូនេស៊ីម្នាក់ត្រូវបានរៀបចំឡើង និងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម។ បុរសកូនកំលោះមានឈ្មោះថា Bambang Irawan alias Awan អាយុ ២៨ ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី និងមានការងារជាអ្នកសំអាតម្នាក់ ចំណែកឯកូនក្រមុំវិញមានឈ្មោះថា Arzum Balli អាយុ ២៦ ឆ្នាំ មកពីប្រទេសអូស្រ្តាលី។
ពួកគេបានស្គាល់គ្នាតាមរយៈកម្មវិធីចម្រៀង Smule តាំងពីឆ្នាំ ២០១៦ ម្លះ ហើយក្រោយមកនៅឆ្នាំ ២០១៧ ពួកគេក៏បានផ្ដើមស្រលាញ់គ្នាតែម្តង។ ដោយក្តីស្រលាញ់ នាង Arzum Balli បានបង្ហាញចំណាប់អារម្មណ៍ចង់រៀបការ ហើយនាងក៏បានជិះយន្តហោះពីអូស្រ្តាលី ដែលមានចម្ងាយផ្លូវប្រមាណជា ១៣,០០០ គីឡូម៉ែត្រ មករៀបការនៅប្រទេសឥណ្ឌូនេស៊ីតែម្តង។ នាងមិនគិតពីស្ថានភាពការងាររបស់ប្តីនាងឡើយ ទោះគាត់ជាអ្នកសំអាតក្តី ហើយក្រោយរៀបការរួចពួកគេគ្រោងនឹងទៅរស់នៅក្នុងប្រទេសអូស្រ្តាលីទាំងអស់គ្នាវិញផងដែរ៕

អត្ថបទ៖ ភក្តី






