អ្នកស្លាប់ដោយសារការផ្ទុះជំងឺអេបូឡា នៅឯសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានកើនឡើងដល់ ២,០០០នាក់
សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនិយាយថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះជំងឺអេបូឡាបច្ចុប្បន្ន មានរហូតដល់ ២០០០នាក់។ សេចក្តីប្រកាសនៅថ្ងៃសុក្រនេះ បានធ្វើឡើងបន្ទាប់ពីការប្រកាសកាលពីខែកក្កដា ដោយអង្គការសុខភាពពិភពលោកថា ការរីករាលដាលចុងក្រោយនេះគឺជា “ភាពអាសន្នផ្នែកសុខភាពសាធារណៈ នៃការព្រួយបារម្ភអន្តរជាតិ”។ នេះជាការផ្ទុះឡើងនៃជំងឺអេបូឡាដ៏ធ្ងន់ធ្ងរបំផុតទី២ បន្ទាប់ពីការរីករាលដាលដែលបានរាតត្បាតអាហ្វ្រិកខាងលិច ចន្លោះរវាង ឆ្នាំ២០១៤ និង ២០១៦ ដោយបានសម្លាប់មនុស្សជាង ១១,០០០ នាក់។
អង្គការសុខភាពពិភពលោកកំពុងអំពាវនាវរកជំនួយអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកុងហ្គោ និងអ្នកដទៃទៀត ដើម្បីអនុវត្តវិធានការការពាររួមមានទាំងការចាក់វ៉ាក់សាំង មិនមានប្រសិទ្ធិភាពអ្វីនោះទេ ដោយសារតែសន្តិសុខមិនស្ថិតស្ថេរ។ ជុំរុំពេទ្យនៅប៉ែកខាងកើតនៃប្រទេស ត្រូវបានរំខានដោយសារការប្រយុទ្ធគ្នារវាងក្រុមប្រដាប់អាវុធ។ ប្រទេសនៅជិតខាងកុងហ្គោក៏មានការព្រួយបារម្ភអំពីការរាលដាលផងដែរ។ ដោយប្រជាជននៅអ៊ូហ្គង់ដាបារម្ភថា ការផ្ទុះឡើងនេះអាចរាលដាលបាន ដោយសារការឆ្លងកាត់ព្រំដែនជាញឹកញាប់នៅក្នុងតំបន់៕




អត្ថបទ៖ លីដា