និស្សិតនៅហុងកុងធ្វើពហិការ មិនចូលរៀននៅថ្ងៃចូលបវេសនកាលដំបូងរបស់ពួកគេនោះទេ
ក្រុមនិស្សិតនៅហុងកុងគ្រោងធ្វើពហិការថ្ងៃចូលរៀនដំបូងនៅដើមសប្ដាហ៍ ដើម្បីអំពាវនាវឱ្យមានលទ្ធិប្រជាធិបតេយ្យពេញលេញ។ ការផ្លាស់ប្តូរនេះបានកើតឡើង បន្ទាប់ពីមានការប្រឈមមុខគ្នាដោយហិង្សាមួយនៅចុងសប្តាហ៍មុនមួយទៀត រវាងក្រុមបាតុករ និងប៉ូលីសនៅលើទឹកដីពាក់កណ្តាលស្វ័យភាពរបស់ចិនមួយនេះ។ វីដេអូពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង្ហាញពីក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នានៅជុំវិញសាលារៀនក្នុងតំបន់ ដោយមានការចែកចាយខិត្តប័ណ្ណផ្សព្វផ្សាយអំពីការធ្វើពហិការផងដែរ។
ពួកគេចង់ឱ្យអ្នកចូលរួមមិនចូលថ្នាក់រៀនរយៈពេលពីរសប្តាហ៍ដំបូងនៃឆ្នាំសិក្សា ដើម្បីបង្ហាញពីការប្រឆាំងនេះ។ និស្សិតម្នាក់ដែលចូលរួមធ្វើពហិការនេះនិយាយថា “ប្រសិនបើយើងមិនមានអនាគតផង ហេតុអ្វីយើងចាំបាច់ទៅសាលារៀន?” ។ រំលឹកផងដែរថា ទីក្រុងហុងកុងបានផ្ទុះឡើងនូវការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យអស់រយៈពេលជិត ៣ខែ មកហើយ ដែលដំបូងឡើយវាចេញពីរឿងច្បាប់បត្យាប័នដ៏ចម្រូងចម្រាស។ តាំងពីពេលនោះមក មានទាំងការតវ៉ាដោយស្ងប់ស្ងាត់ និងហិង្សាគ្រប់រូបភាព ដែលធ្វើឱ្យទីក្រុងនេះកាន់តែចុះដុនដាប៕


អត្ថបទ៖ លីដា