ចង់ដឹងអត់ថាបច្ចេកវិទ្យាសំណព្វណាខ្លះដែលរងផលប៉ះពាល់ បន្ទាប់ពីអាមេរិកអនុម័តជាផ្លូវការនូវពន្ធថ្មីប្រឆាំងនឹងចិន?
- BY
- autoadmin
- September 2, 2019
បច្ចេកវិទ្យាសំណព្វចិត្តខ្លះៗដែលអ្នកកំពុងចូលចិត្តអាចនឹងត្រូវលក់ថ្លៃជាងមុន ឬយ៉ាងហោចណាស់ក៏ក្រុមហ៊ុនទាំងនោះត្រូវចេញថ្លៃដើមចំណាយច្រើនជាងមុន។ វាចំពេលដែលរដ្ឋបាល Trump បានអនុម័តជាផ្លូវការនូវពន្ធថ្មីប្រឆាំងនឹងផលិតផលផលិតនៅប្រទេសចិន ដែលបានចូលជាធរមាននៅថ្ងៃទី០១ ខែកញ្ញានេះផ្ទាល់។ ចង់ដឹងអត់ថា ប្រភេទទំនិញបច្ចេកវិទ្យាបែបណាដែលប៉ះពាល់ជាងគេ?
វិធានការណ៍ក្ដៅៗនេះនឹងប៉ះពាល់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនជាមួយនឹងពន្ធរហូតដល់ទៅ ១៥ភាគរយ លើទំនិញមួយចំនួនធំ ខណៈក្រុមហ៊ុន Apple អាចនឹងបែកញើសខ្លាំងជាងក្រុមហ៊ុនណាទាំងអស់។ ពន្ធថ្មីនឹងជះឥទ្ធិពលដល់ AirPods, Apple Watch, កាសស្តាប់ត្រចៀកម៉ាក Beats, HomePod និង iMacs ។ ពន្ធគយនេះក៏នឹងជះឥទ្ធិពលដល់គ្រឿងបន្លាស់ជាច្រើនរួមមាន៖ កាមេរ៉ា, ហ្វ្លាស (flash storage), ឌីស (ដូចជា Blu-ray និង DVD) និងអាគុយលីចូម-អ៊ីយ៉ុង។
ពន្ធគយមួយតង់ផ្សេងទៀតក៏នឹងប៉ះពាល់ដល់តម្លៃលើទូរស័ព្ទ កុំព្យូទ័រយួរដៃ ឧបករណ៍លេងហ្គេម និងបច្ចេកវិទ្យាផ្សេងទៀត ដែលវានឹងអនុវត្តនៅថ្ងៃទី១៥ ខែធ្នូ លុះត្រាតែមានការចរចារថ្មី។ វាមិនច្បាស់ទេថា តើក្រុមហ៊ុន Apple ឬក្រុមហ៊ុនផ្សេងទៀត នឹងដំឡើងថ្លៃដើម្បីទូទាត់តាមពន្ធថ្មីនេះ ប៉ុន្តែតាមប្រវត្តិរបស់ Apple ពួកគេតែងតែពិចារណារឿងប្រាក់ចំណេញ ហើយពីមុនមកក៏ពួកគេមិនដែលជួបពន្ធថ្លៃយ៉ាងនេះដែរ។ ជាពិសេសក្រុមហ៊ុន Apple ក៏កំពុងដោះស្រាយជាមួយនឹងប្រាក់ចំណូលចូលតិច ដូច្នេះវានឹងកាន់តែពិបាកនៅពេលដំឡើងថ្លៃ ហើយអតិថិជននឹងធ្លាក់ចុះ៕


អត្ថបទ៖ លីដា
- Share This Post:






