ចិនដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក ប្រឆាំងនឹងការដាក់ពន្ធគយថ្មីចុងក្រោយរបស់សហរដ្ឋអាមេរិក
ប្រទេសចិននិយាយថា ខ្លួនកំពុងដាក់ពាក្យបណ្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization) ប្រឆាំងនឹងសហរដ្ឋអាមេរិក ដោយហៅការប្រមូលពន្ធចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោនថា ជាការរំលោភលើច្បាប់អន្តរជាតិស្តីពីពាណិជ្ជកម្ម។ កាលពីថ្ងៃអាទិត្យសហរដ្ឋអាមេរិកបានចាប់ផ្តើមដាក់ពន្ធបន្ថែម ១៥% លើទំនិញផលិតនៅចិន ដែលមានតម្លៃជាង ១០០ពាន់លានដុល្លារ។ ចំណែកក្រសួងពាណិជ្ជកម្មចិន បានប្រកាសពីការសម្រេចចិត្តរបស់ខ្លួនកាលពីថ្ងៃច័ន្ទនេះ។
មន្រ្តីក្រសួងនិយាយថា សកម្មភាពចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោនដំណើរការផ្ទុយទៅនឹងការយោគយល់គ្នា ដែលបានឈានដល់នៅក្នុងកិច្ចប្រជុំកំពូលចិន-អាមេរិក កាលពីពេលថ្មីៗនេះ។ មន្ត្រីទាំងនោះនិយាយថា ពួកគេនឹងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសរបស់ពួកគេ ដោយផ្អែកលើវិធានរបស់អង្គការពាណិជ្ជកម្មពិភពលោក។ ប្រទេសចិនក៏បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោនកាលពីពេលកន្លងមកផងដែរ ជុំវិញការយកពន្ធបន្ថែមដែលសហរដ្ឋអាមេរិកបានចាប់ផ្តើមអនុវត្តកាលពីឆ្នាំមុន។
យ៉ាងណាមិញប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនៅតែចង់ឱ្យមានកិច្ចពិភាក្សាពាណិជ្ជកម្មថ្នាក់រដ្ឋមន្រ្តីជាមួយប្រទេសចិនបន្តទៅមុខទៀត នៅខែនេះតាមការគ្រោងទុក។ លោក ត្រាំ កំពុងប្រើពន្ធគយ និងការចរចា ដើម្បីដាក់សម្ពាធប្រទេសចិនក្នុងការកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងអនុវត្តកំណែទម្រង់រចនាសម្ព័ន្ធរបស់ខ្លួន៕


អត្ថបទ៖ លីដា