ប្រុងប្រយ័ត្នឲ្យមែនទែន! កម្ពុជាទទួលរងឥទ្ធិពលបាតុភូតធម្មជាតិ០៣ព្រមគ្នា អាចមានភ្លៀងធ្លាក់ខ្លាំងអំឡុង១សប្តាហ៍តែម្តង
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងទទួលរងឥទ្ធិពលពីបាតុភូតធម្មជាតិចំនួន០៣ព្រមគ្នាក្នុងនោះមាន ឥទ្ធិពលលើប្រព័ន្ធសម្ពាធទាប ដែលបាន និងកំពុងលាតសន្ធឹងអូសកាត់ពីប្រទេសថៃ ឡាវ និងវៀតណាម, ឥទ្ធិពលពីព្យុះទី១៤ ឈ្មោះ កាហ្សីគី (KAJIKI) និងឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង ដែលធ្វើឲ្យអាកាសធាតុចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ប្រែប្រួលដូចខាងក្រោម៖
+ បណ្តាខេត្តនៅតំបន់ទំនាបកណ្តាលភាគពាយ័ព្យ តំបន់ខ្ពង់រាបភាគខាងជើង តំបន់ខ្ពង់រាបភាគឦសាន និងតំបន់ជួរភ្នំដងរែក នឹងបន្តមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ក្នុងនោះ មានផ្នែកខ្លះអាចនឹងមានភ្លៀងធ្លាក់គំហុកខ្លាំង និងអាចបង្កជាជំនន់ទឹកភ្លៀង
+ បណ្តាខេត្តនៅតំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ និងខេត្តកោះកុង នឹងបន្តមានភ្លៀងធ្លាក់ក្នុងបរិមាណពីបង្គួរទៅច្រើន ហើយនៅលើលំហសមុទ្រ ផ្ទៃមេឃមានសភាពអាប់អួ មានភ្លៀង និងខ្យល់បក់បោកខ្លាំង រលកសមុទ្រមានកម្ពស់ខ្ពស់ៗ
+ រាជធានី និងបណ្តាខេត្តមួយចំនួនទៀត មានភ្លៀងធ្លាក់ពីតិចទៅមធ្យម។

អត្ថបទ៖ សេម