Samsung កំពុងសំងំផលិតស្មាតហ្វូនបត់ថ្មីមួយទៀតស្រដៀងទៅនឹង Motorola Razr
- September 4, 2019
យោងតាមប្រភពព័ត៌មាន The Phonearena បានឲ្យដឹងថា Galaxy Fold អាចបត់បានម៉ូដែលថ្មីចុងក្រោយរបស់ Samsung គឺកំពុងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបង្ហាញខ្លួនជាផ្លូវការក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
តែទោះបីជាយ៉ាងណាប្រភពដដែលនេះក៏បានឲ្យដឹងទៀតដែរថា Samsung ត្រូវបានគេជឿជាក់កំពុងតែសំងំអភិវឌ្ឍន៍ស្មាតហ្វូនម៉ូដែល ដែលអាចបត់បានថ្មីមួយទៀតមានរូបរាងថ្មីស្រឡាង ប៉ុន្តែការបង្ហាញខ្លួនរបស់វាគឺអាស្រ័យទៅលើភាពជោគជ័យក្នុងកម្រិតណារបស់ Galaxy Fold ជាម៉ូដែលដំបូងរបស់ខ្លួនសិន។
ការចេញផ្សាយមួយរបស់ The Bloomberg បានអះអាងថា ក្រុមហ៊ុនដែលមានមូលដ្ឋានធំក្នុងប្រទេសកូរ៉េខាងត្បូងមួយនេះគឺកំពុងសំងំផលិតទូរស័ព្ទម៉ូដែលអាចបត់បានមួយថែមទៀតមានទំហំអេក្រង់៦,៧អ៊ីញ ហើយនឹងមានរូបរាងទៅជារាងការ៉េនៅពេលត្រូវបានបត់បញ្ចូលគ្នា ដែលវាមើលទៅស្រដៀងទៅនឹងម៉ូដែលបត់បានរបស់ Motorola Razr ផងដែរ។
ការបញ្ជាក់ដដែលបានឲ្យដឹងទៀតថា ម៉ូដែលអាចបត់បានជំនាន់ទី២របស់ Samsung នេះនឹងអាចបង្ហាញខ្លួននៅដើមឆ្នាំ២០២០នេះ ប្រសិនបើមិនមានការផ្លាស់ប្តូរផែនការទេនោះ ហើយប្រហែលជានឹងបង្ហាញខ្លួនតំណាលគ្នាជាមួយនឹងស៊េរី Galaxy S11 ផងដែរ៕

អត្ថបទ៖ Lee
- Share This Post:







