ប្រទេសចិន និងសហរដ្ឋអាមេរិក នឹងធ្វើកិច្ចចរចាពាណិជ្ជកម្មជាថ្មីនៅក្នុងខែតុលា
ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី០៥ ខែកញ្ញា ថាប្រទេសចិន និងសហរដ្ឋអាមេរិក បានយល់ព្រមធ្វើកិច្ចចរចាពាណិជ្ជកម្មមួយនៅដើមខែតុលា ក្នុងទីក្រុងវ៉ាស៊ីនតោន។ កិច្ចពិភាក្សាដែលត្រូវបានគេសន្មត់ថា ធ្វើឡើងនៅដើមខែនេះកើតឡើង បន្ទាប់ពីពន្ធគយពីរផ្លូវត្រូវបានដាក់កាលពីថ្ងៃទី០១ កន្លងទៅថ្មីៗនេះ។

ក្រសួងពាណិជ្ជកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីមានការអំពាវនាវនៅចំពោះមុខលោក Liu He អនុប្រធានាធិបតីចិន និងអ្នកតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer និងរដ្ឋលេខាធិការក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Steven Mnuchin ។ ទេសាភិបាលធនាគារកណ្តាលចិនលោក Yi Gang ក៏បានចូលរួមក្នុងការអំពាវនាវនេះដែរ។
ក្រសួងបាននិយាយថា មុនពេលកិច្ចពិភាក្សាខែតុលា ក្រុមពាណិជ្ជកម្មមកពីប្រទេសទាំងពីរនឹងធ្វើការពិគ្រោះយោបល់នៅពាក់កណ្តាលខែកញ្ញា ដោយបន្ថែមថា ភាគីទាំងពីរបានឯកភាពគ្នាចាត់វិធានការជាក់ស្តែង ដើម្បីបង្កើតលក្ខខណ្ឌអំណោយផល។ រំលឹកដែរថា មន្ត្រីជាន់ខ្ពស់របស់ប្រទេសទាំងពីរបានជួបគ្នាចុងក្រោយនៅសៀងហៃក្នុងខែកក្កដា សម្រាប់កិច្ចចរចាពាណិជ្ជកម្ម ដែលត្រូវបានពិពណ៌នាថាជា “ការស្ថាបនា” ប៉ុន្តែបានបញ្ចប់ដោយគ្មានការប្រកាសណាមួយឡើយ៕

អត្ថបទ៖ លីដា