នាំសង្សារឲ្យសាច់ញាតិស្គាល់ ឪពុកម្តាយខាងប្រុសមិនពេញចិត្តព្រោះឃើញនាងជាជនជាតិស្បែកខ្មៅ តែអ្នកទាំង២មិនព្រមចុះចាញ់តស៊ូរហូតបានរៀបការជាមួយគ្នា
ថ្មីៗនេះផ្ទុះរឿងចែករំលែកមួយពេញបណ្តាញសង្គមក្រោយបុរសជនជាតិអាស៊ីម្នាក់អាចយកឈ្នះចិត្តគ្រួសារឲ្យទទួលយកកូនក្រមុំដែលជាជនជាតិស្បែកខ្មៅហ្គាណា។ នេះគឺជារឿងមិនងាយស្រួលនោះឡើយ និងមិនមានចំនួនច្រើននោះទេដែលអាចធ្វើបែបនេះបាននោះ។ បុរសដែលជាកូនកាត់ហុងកុង និងសិង្ហបុរី លោក Clarence Tan បានចែករំលែកឲ្យដឹងថា កំឡុងពេលលោករស់នៅសហរដ្ឋអាមេរិក លោកបានសាងសម្ព័ន្ធស្នេហាជាមួយនឹងមិត្តស្រីរបស់លោកអ្នកនាង Edna Sophia ដែលមកពីប្រទេសកាណា។ លោក Clarence Tan បានបន្ថែមថា៖

«ទម្រាំតែខ្ញុំ និងគូស្នេហ៍របស់ខ្ញុំអាចរៀបការនឹងគ្នាបាន ខ្ញុំត្រូវឪពុកម្តាយរបស់ខ្ញុំបំបែកបំបាក់ និងបដិសេធជាច្រើនដង ជាពិសេសគឺការប្រកែកមិនទទួលស្គាល់យ៉ាងដាច់អហង្ការពីឪពុករបស់ខ្ញុំ។ ឪពុកខ្ញុំគឺពុកដ៏ល្អមួយរូប ដែលខ្ញុំគោរព និងកោតសរសើរ។ គាត់ជាបុរសដែលពូកែ និងជោគជ័យក្នុងរឿងការងារ ព្រមទាំងបានលះបង់យ៉ាងធំធេងដើម្បីក្រុមគ្រួសារ និងធ្វើឲ្យខ្ញុំមានថ្ងៃនេះ ហើយវាពិតជារឿងដែលខ្ញុំអាក់អន់ចិត្តខ្លាំងបំផុតសម្រាប់ខ្ញុំនៅពេលដែលគាត់បានប្រាប់ខ្ញុំថាគាត់មិនទទួលយក Edna ជាកូនប្រសារ។
ហេតុផលដែលឪពុកខ្ញុំលើកឡើងគឺមានចំនួន៣នោះគឺ វប្បធម៌របស់ពួកយើងមានភាពខុសប្លែកគ្នា ដែលជារឿងមិនល្អចំពោះការរៀបការហើយអាចនាំឲ្យមានផលវិបាកច្រើនក្នុងជីវិតគ្រួសារ។ ឪពុកខ្ញុំបន្ថែមថាប្រសិនបើខ្ញុំនៅតែជំនះរៀបការជាមួយ Edna លោកនឹងមិនជូនពរ ឬក៏មិនចូលរួមក្នុងពិធីមង្គលការអ្នកទាំងពីរនោះឡើយ។ ហេតុដូចនេះដើម្បីយកឈ្នះចិត្តឪពុកម្តាយខ្ញុំ ខ្ញុំសម្រេចចិត្តនាំនាងមកផ្ទះជាញឹកញាប់ ដែលជាហេតុចាប់ផ្តើមធ្វើឲ្យឪពុកម្តាយខ្ញុំ និង Edna ចាប់ផ្តើមមានអារម្មណ៍ថាមានសម្ពាធ ព្រោះតែនាងដឹងពីការមិនទទួលស្វាគមន៍ពីសំណាក់អ្នកមានគុណទាំងពីរ។ ខ្ញុំតែងប្រើការកុហកចំពោះនាងជាញឹកញាប់ ថានាងទទួលបានការអញ្ជើញពីឪពុកម្តាយខ្ញុំ រហូតយើងទាំងពីរនាក់មានរឿងឈ្លោះគ្នាជាញឹកញាប់។

ប៉ុន្តែការកុហកនេះក៏ទទួលបានផលនៅពេលឪពុកម្តាយខ្ញុំ និង Edna ចាប់ផ្តើមស្គាល់គ្នា និងជួបគ្នាជាច្រើនសារ រហូតមានថ្ងៃមួយពួកគាត់សម្រេចផ្តល់ឱកាសឲ្យនាង ហើយទទួលស្វាគមន៍នាងយ៉ាងកក់ក្តៅ។ ឪពុកម្តាយខ្ញុំបានរកឃើញថា Edna គឺជានារីតែម្នាក់ដែលចំណាយពេលធ្វើការ និងផ្តល់ការឧបត្ថម្ភដល់ខ្ញុំគ្រប់ពេលដែលជួបបញ្ហា និងការខ្វះខាតផ្សេងៗ ជាពិសេសនាងគឺតែងនៅក្បែរ ផ្តល់កម្លាំងចិត្តខ្ញុំ។ ក្រោយពេលទាក់ទងគ្នាអស់រយៈពេល៣ឆ្នាំ ទីបំផុតពួកយើងក៏បានចំណងគ្រួសារជាមួយគ្នា និងទទួលបានការគាំទ្រចំពោះពិធីមង្គលការ ជាពិសេសគឺការទទួលស្គាល់ពីឪពុកខ្ញុំតែម្តង។ ហើយខ្ញុំក៏ពុំដែលបានឃើញឪពុកខ្ញុំរីករាយខ្លាំងបែបនេះពីមុនមកនោះទេ នៅថ្ងៃរៀបការរបស់ខ្ញុំ ខ្ញុំបានឃើញគាត់ញញឹមយ៉ាងស្រស់ ថែមទាំងបានលេង Saxophone កំឡុងពេលដែលខ្ញុំ និងអ្នកម៉ាក់ឡើងរាំក្នុងពិធីមង្គលការផងដែរ។ វាពិតជាលំបាកពិតមែន តែវាគឺពិតជាសក្តិសមនឹងតម្លៃនៃការតស៊ូ និងលះបង់ ពីព្រោះតែនាងគឺមនុស្សតែម្នាក់ដែលខ្ញុំប្រាថ្នា»៕





អត្ថបទ៖ មេសា