ផ្ទុះការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីបែកធ្លាយរឿងដំរីនៅប្រទេសថៃ ត្រូវបង្ខំឱ្យដឹកភ្ញៀវទេសចរដោយប្រើប្រមោយរបស់ពួកវា
វីដេអូ និងរូបភាពប៉ុន្មានសន្លឹកយ៉ាងគួរឱ្យតក់ស្លុត បានបង្ហាញអំពីសត្វដំរីនៅប្រទេសថៃ ដែលត្រូវបានគេបង្ខំឱ្យដឹកអ្នកទស្សនានៅលើប្រមោយរបស់ពួកវា ខណៈដែលហ្មដំរីនៅក្បែរនោះ ដៃមានកាន់ «កង្វេរ» ជានិច្ច ដើម្បីគ្រប់គ្រងបញ្ជាលើពួកដំរី។ រូបភាពទាំងនេះត្រូវបានគេថតកាលពីដើមខែនេះផ្ទាល់ ក្នុងកំឡុងពេលនៃការសម្តែងប្រចាំថ្ងៃយ៉ាងឃោរឃៅ ដើម្បីបម្រើភ្នែកហ្វូងមនុស្សនៅតំបន់ភាគឦសាននៃខេត្តសុរិន្ទ ក្នុងប្រទេសថៃ។ ការសម្ដែងនេះដែរត្រូវបានគេរាយការណ៍ថា មានធ្វើជារៀងរាល់ថ្ងៃចាប់ពីម៉ោង ១០ព្រឹក ដល់ ២រសៀល ហើយវាមានទីតាំងនៅដាច់ស្រយាលពេក ទើបពួកគេអាចគេចផុតពីការរិះគន់រហូតដល់ពេលនេះ។

នៅក្នុងវីដេអូក៏បានបង្ហាញថា សត្វដំរីទាំងនោះត្រូវបានគេដាក់ឱ្យសម្ដែងការបង្វិលកង ក៏ដូចជាការរាំ និងអង្គុយជាដើម ប៉ុន្តែអ្វីដែលឃោរឃៅនោះគឺ សត្វដំរីត្រូវបានគេប្រើជាជំនិះ ដោយអ្នកចូលរួមទស្សនាបានអង្គុយលើប្រមោយពួកវាតែម្ដង។ យ៉ាងណាមិញក្រុមសិទ្ធិសត្វ PETA បានរិះគន់យ៉ាងខ្លាំងជាមួយនឹងទង្វើបែបនេះ ដោយពួកគេបាននិយថា ដំរីមិនមែនសម្រាប់ការកម្សាន្តនោះទេ។ ក្រុមសិទ្ធិសត្វបន្ដថា ដំរីទាំងនោះព្រមសម្ដែងគឺដោយសារកង្វេរដែលហ្មដំរីកាន់នឹងដៃ ព្រោះវាជាអាវុធសម្រាប់ធ្វើទារុណកម្មលើដំរី។ ម៉្យាងទៀតនៅពេលដែលដំរីអស់កិច្ចការសម្ដែង ពួកគេនឹងត្រូវជាប់ច្រវាក់ជានិច្ច ហេតុដូច្នេះហើយ PETA បានទទូចសុំឱ្យអ្នកទេសចរឈប់ទទួលការសម្ដែងរបស់ដំរីតទៅទៀត៕









អត្ថបទ៖ លីដា