មើលវីដេអូនេះហើយស្ទើរតែអត់ដង្ហើម ព្រោះស្រ្តីចំណាស់ម្នាក់ត្រូវរថភ្លើងបើកពីលើ តែសំណាងល្អគាត់គ្មានគ្រោះថ្នាក់នោះទេ
ឥណ្ឌា ៖ ស្រី្តចំណាស់ម្នាក់បានដើរមកដួលនៅលើផ្លូវរថភ្លើងហើយត្រូវរថភ្លើងបើកកាត់ពីលើ តែសំណាងល្អគាត់មិនរងរបួសអ្វីនោះទេ ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះបានកើតឡើងនៅក្នុងស្ថានីយ៍រថភ្លើង Chittapur ភាគខាងត្បូងប្រទេសឥណ្ឌា។ ស្រ្តីជនរងគ្រោះមានឈ្មោះថា Maanibai Chavan ជាមនុស្សម្នាក់ដែលមានជំងឺប្រចាំកាយ និងមិនសូវមានសុខភាពម៉ាំមួននោះទេ។
យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មានអង់គ្លេស DAILY MAIL បានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុស្រ្តីរងគ្រោះបានដើរទៅទិញថ្នាំ ហើយពេលត្រលប់មកផ្ទះវិញខណៈកំពុងដើរឆ្លងកាត់ផ្លូវរថភ្លើងនោះស្រាប់តែគាត់អស់កម្លាំងនិងបានដួលនៅលើផ្លូវរថភ្លើងនោះតែម្តង។ បន្តិចក្រោយមករថភ្លើងក៏បានមកដល់ហើយដោយគាត់មិនមានកម្លាំងដើម្បីរត់ចេញពីផ្លូវនោះ គាត់ក៏សម្រេចក្រាបនៅក្រោមរថភ្លើងនោះតែម្តង ហើយជាសំណាងល្អគាត់គ្មានគ្រោះថ្នាក់អ្វីនោះទេ។ យ៉ាងណាក្តី អ្នកដែលបានទស្សនាហេតុការណ៍នេះ សុទ្ធតែស្លុតចិត្តស្ទើរអត់ដង្ហើម ព្រោះស្រ្តីរងគ្រោះស្ទើរតែត្រូវរថភ្លើងកិនស្លាប់ទៅហើយ៕ លោកអ្នកអាចទស្សនាហេតុការណ៍នេះ ដូចក្នុងវីដេអូខាងក្រោម៖


អត្ថបទ៖ភក្តី