មុនទៅថៃចូរអានអត្ថបទនេះ! កន្លែងដែលល្បីឈ្មោះថាមានខ្មោចសាហាវលងបន្លាចទាំង១១កន្លែងនៅប្រទេសថៃ ដែលអ្នកគួរជៀសវាង មិនជឿកុំប្រមាថ
ប្រទេសថៃគឺជាប្រទេសមួយដែលសម្បូរទៅដោយកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ និងការរៀបចំកម្មវិធីកម្សាន្តជាច្រើន ហើយមានបងប្អូនខ្មែរមិនតិចនាក់នោះទេ ដែលតែងធ្វើដំណើរចេញទៅកម្សាន្តនៅប្រទេសថៃរៀងរាល់ថ្ងៃឈប់សម្រាកធំ។ តែអ្នកដឹងទេថាក្រៅពីកន្លែងកម្សាន្តសប្បាយរីករាយទាំងនោះ តំបន់មួយចំនួននេះនៅប្រទេសថៃវាបានប្រែក្លាយជាតំបន់ដែលគួរឲ្យខ្លាចបំផុត ដែលមនុស្សមួយចំនួនគ្រាន់តែឮហើយក៏ព្រឺក្បាល និងមិនចង់នឹកដល់កុំថាឡើយឲ្យចូលទៅទស្សនាកម្សាន្តទៀតនោះ។ ១១កន្លែងខាងក្រោមនេះគឺជាកន្លែងដែលអ្នកត្រូវដឹង និងគួរជៀសវាង បើមិនជឿសូមកុំប្រមាថ ព្រោះតែតំបន់ទាំងនេះសុទ្ធសឹងតែជាតំបន់ដែលល្បីថាមានវិញ្ញាណកំណាចរង់ចាំលងបន្លាចគ្រប់ពេលអមដោយប្រវត្តិភ័យរន្ធត់។
១. វត្តផៃងិន ឆូតាណារ៉ាម (កន្លែងដាក់សពទារកដែលត្រូវគេរំលូតច្រកថង់ផ្លាស្ទិកចំនួន ២០០២នាក់)៖
ដោយថ្ងៃមួយក្នុងឆ្នាំ២០១០ បុរសម្នាក់បានឃើញសត្វឆ្កែមួយពាំថង់ប្លាស្ទិកចេញពីវត្តផៃងិនយកមកហែកស៊ី ហើយនៅពេលទៅមើលស្រាប់តែឃើញថាសាច់ដែលឆ្កែនោះកំពុងស៊ីជាបំណែករាងកាយរបស់ទារកដែលត្រូវគេយកចេញ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង រហូតដល់មានក្រុមប៉ូលីសចាប់ផ្តើមចុះរុករកដោយប្រើសត្វឆ្កែមួយនេះដើម្បីជាតម្រុយតាមដាន។ គេបានរកឃើញគំនរសាកសពទារកច្រកក្នុងថង់ចំនួន ២០០២នាក់ ដែលត្រូវបានរំលូតចេញខុសច្បាប់ហើយយកទៅបោះចោលនៅទីនោះ។ ក្រោយមកគេក៏រៀបចំពិធីបូជាសពក្មេងទាំងនោះដោយមានការចូលរួមពីក្រុមសមត្ថកិច្ចនឹងប្រជាពលរដ្ឋ។ តែបើទោះបីជាយ៉ាងនោះក្តី ប្រជាពលរដ្ឋដែលរស់នៅទីនោះតែងនិយាយថាជារឿយៗពួកគេតែងឮសម្លេងក្មេងយំ និងសើចចេញពីទីនោះដដែល ហើយក៏មានរូបថតដែលថតជាប់ព្រលឹងកូនក្មេងនៅក្នុងបណ្តាញសារព័ត៌មានផងដែរ។
ទីតាំង៖ ផ្លូវលេខ ៨៨២ វត្តផៃងិន សង្កាត់បាងខូឡាម ក្រុងបាងកក ប្រទេសថៃ។
២. អាស្រមលោកគ្រូសួន ជាមួយរូបសំណាក់ធ្វើចេញពីសំណល់រាងកាយមនុស្ស៖
អាស្រមមួយនេះត្រូវបានគេជឿជាក់ថាជាអាស្រមដែលសម្បូរទៅដោយវិញ្ញាណវិលវល់ ព្រោះតែវាបានផ្ទុកនូវរូបសំណាក់ជាច្រើនលើសលប់ ហើយរូបសំណាក់ទាំងនោះសុទ្ធសឹងតែធ្វើចេញពីបំណែកនៃរាងកាយមនុស្សដែលមានដូចជាធាតុ សក់ ឆ្អឹង និងស្បែកជាដើម។ គោលបំណងនៃការធ្វើរូបសំណាក់ទាំងនេះគឺភាគច្រើនកើតចេញពីអបិយជំនឿ ដែលមនុស្សមួយចំនួនបានពឹងពាក់លោកគ្រូមន្តអាគមមួយរូបធ្វើចំពោះពួកគេមិនថាជាអំពើស្នេហ៍ ឬផ្លូវងងឹតបែបណានោះឡើយ។ ក្រោយពេលលោកគ្រូមន្តអាគមម្នាក់នោះបានស្លាប់ ប្រជាជនបានទុកអាស្រមនេះចោល ហើយពុំមាននរណាហ៊ានទៅកាន់ទីនោះនៅពេលយប់នោះឡើយ ដោយមានមនុស្សខ្លះនិយាយថានៅពេលយប់រូបសំណាក់ទាំងនេះអាចនឹងមានជិវិត ព្រោះតែពួកវាសុទ្ធសឹងតែត្រូវអំពើ និងការឃុំព្រលឹងជាប់ក្នុងនោះ។
ទីតាំង៖ ផ្លូវគ្មានឈ្មោះ ភូមិថាថាន់ ស្រុកផានុមសារៈខាំ ខេត្តឆាក់ឈើងសៅ ប្រទេសថៃ។
៣. ផ្ទះនារីឈុតស តាមចងអាឃាត៖
រឿងរ៉ាវភ័យរន្ធត់ដែលនាំឲ្យមានជំនឿកាន់តែខ្លាំងលើផ្ទះមួយនេះគឺនៅពេលដែលក្រុមក្មេងជំទង់ចំនួន៧នាក់ ដែលរស់នៅក្រុងបាំងកក បានចូលលុកលុយផ្ទះមួយនេះកាលពីឆ្នាំ២០១៥ ដែលមានទីតាំងស្ថិតនៅសង្កាត់ថាវីវ័តថានា។ ដោយឥទ្ធិពលសុរាបានធ្វើឲ្យក្មេងៗទាំង៧មានសេចក្តីក្លាហានហ៊ានចូលលុកលុយផ្ទះដែលគេនិយាយតៗគ្នាថាមានវិញ្ញាណកំណាចលង។ ៣ខែក្រោយមកក្មេង២នាក់ ក្នុងក្រុមនេះត្រូវបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងជិះម៉ូតូ ដោយសាក្សីបានរាយការណ៍ថាគេបានឃើញនារីស្លៀកឈុតសបានជិះម៉ូតូជាមួយពួកគេ។ មួយឆ្នាំបន្ទាប់មកទៀតក្មេងម្នាក់ទៀតក៏ត្រូវបានស្លាប់ដូចគ្នា ដោយជួបគ្រោះថ្នាក់ចរាចរណ៍ហើយស្លាប់នៅកន្លែងដដែល ដោយសាក្សីបាននិយាយថាឃើញនារីឈុតស ជិះជាមួយគេ ប៉ុន្តែគេរកសាកសពនារីនោះមិនឃើញឡើយ។ កន្លងទៅប៉ុន្មានខែក្នុងឆ្នាំដដែលក្មេង២នាក់ទៀតក្នុងក្រុមនេះក៏ត្រូវបានគេស្លាប់ក្នុងករណីភ្លើងឆេះផ្ទះ ដោយបុរសម្នាក់ដែលស្ថិតនៅទល់មុខផ្ទះបាននិយាយថាគាត់ឃើញនារីម្នាក់ស្លៀកឈុតសបានដើរចូលក្នុងផ្ទះនេះមុនពេលដែលអគ្គីភ័យឆាបឆេះឡើង។ ក្មេង២នាក់ទៀតដែលនៅសល់គឺរស់នៅក្នុងសភាពភ័យខ្លាចមកទល់សពថ្ងៃនេះ ដោយពួកគេសង្ឃឹមថានារីឈុតស នឹងមិនតាមពួកគេដូចជាក្មេងឯទៀត។
ទីតាំង៖ ភូមិថាវីវ័តថានា សង្កាត់ថាវីវ័តថានា ក្រុងបាងកក ប្រទេសថៃ។
៤. ថ្ងៃ Countdown នៃសេចក្តីស្លាប់ ក្លឹបសានទីកា ក្រុងបាងកក៖
តើអ្នកជឿលើការឲ្យហេតុដែលឬទេ? នៅរាត្រីថ្ងៃឆ្លងឆ្នាំ២០០៨ ចូលឆ្នាំថ្មី២០០៩ មានហេតុការណ៍ដ៏រន្ធត់មួយនៅឯប្រទេសថៃដោយមានអគ្គីភ័យឆាបឆេះនៅក្នុងក្លឹបកម្សាន្តពេលរាត្រីមួយដែលសម្លាប់មនុស្សច្រើនជាង៦០នាក់ ហើយរងរបួសជាង១០០នាក់។ ក្រុមអ្នកសង្គ្រោះបានឲ្យដឹងថាពួកគេបានឃើញសាកសពជាច្រើនដែលតម្រៀបគ្នានៅឯច្រកចេញ ថែមទាំងឮសម្លេងស្រែកដោយក្តីចុកចាប់ចេញពីអ្នកដែលមានជីវិត ដែលនេះគឺជាសញ្ញាមួយដ៏គួរឲ្យភ័យរន្ធត់។ ក្រោយថ្ងៃកើតហេតុមហាជនចាប់ផ្តើមសង្ស័យ ហើយក៏ចាប់ផ្តើមធ្វើការវិភាគសេចក្តីនៃករណីមួយនេះ ព្រោះវាហាក់ដូចជាឲ្យហេតុដោយសារតែការជប់លៀងនេះគឺមានឈ្មោះ “Goodbye Santika” ដែលជាយប់ចុងក្រោយមុនពេលដែលក្លឹបនេះបិទទ្វាជាផ្លូវការ។ ភ្ញៀវដែលចូលរួមនៅទីនោះគឺទទួលបន្ទះ CD ដែលមានសំបកគ្របពណ៌ខ្មៅគ្រប់ៗគ្នា លើសពីនេះគឺនៅលើទំព័រវេបសាយរបស់ក្លឹបបានផ្សពផ្សាយកម្មវិធីនេះជាមួយភ្លើងឆេះជុំវិញ សូម្បីតែក្រុមតន្រ្តីរ៉ុកដែលគេជួលមកច្រៀងក្នុងយប់នោះក៏មានថា “Burn” ប្រែថា “ដុត” ដែរ។ តាមពាក្យចចាមអារ៉ាមបានឲ្យដឹងថាមុនពេលក្លឹបនេះត្រូវបានសាងសង់ វាគឺធ្លាប់ជាផ្ទះដែលមានករណីឃាតុកម្មសម្លាប់យ៉ាងកាចសាហាវ បើទោះបីជាពេលនេះវាគ្មានអ្វីសោះក៏ពិតមែន តែប្រជាជននៅទីនោះបាននិយាយថាពួកគេនៅតែអាចឮសម្លេងឲ្យជួយស្ទើរតែរៀងរាល់យប់។
ទីតាំង៖ សង្កាត់វ៉ាត់ថាណា ក្រុងបាងកក ប្រទេសថៃ។
៥. ទីលានសាកសពរថយន្តក្រុង សង្កាត់ សយសៃយុទ្ធ ក្រុងបាងកក៖
ទីលាននេះគឺត្រូវបានផ្តល់សិទ្ធិឲ្យសម្រាប់ទុកចោលនៃសាកសពរថយន្តក្រុងដែលខូច ឬប្រើការលែងកើត។ តែរឿងរ៉ាវចម្លែកៗជាច្រើនបានកើតឡើងដែលយើងនឹកស្មានមិដល់ ដោយមានគ្រាមួយនោះអ្នករត់តាក់ស៊ីបានជិះឆ្លងកាត់ទីនេះ ឃើញនរណាម្នាក់រត់ឆ្លងថ្នល់ ប៉ុន្តែពេលដែលគាត់ឈប់ពិនិត្យបែជាគ្មានឃើញនរណា។ អ្នកជិតខាងដែលរស់នៅក្បែរនោះធ្លាប់បានប្តឹងប៉ូលីសឲ្យជួយត្រួតពិនិត្យព្រោះសង្ស័យថាមានក្រុមក្មេងស្ទាវនាំគ្នាមកផឹកស៊ីជប់លៀងនៅទីនេះ បន្ទាប់ពីបានឮសម្លេងច្រៀង រាំ ជល់កែវ ព្រមទាំងសម្លេងគោះស្គរ ប៉ុន្តែពេលប៉ូលីសទៅដល់បែរជាគ្មានឃើញអ្វីក្រៅពីសាកសពរថយន្តក្រុងចាស់ៗ ជាពិសេសគឺរថយន្តក្រុងដែលធ្លាប់ត្រូវបានរាយការណ៍ថាជួបគ្រោះថ្នាក់សម្លាប់សិស្សសាលាទាំងអស់ខណៈពេលដែលពួកគេចេញដំណើរវិស្សមកាល។ បើទោះបីជាពេលនេះតំបន់ជុំវិញនេះមានការអភិវឌ្ឍន៍ក៏ពិតមែន តែទីលានមួយនេះគឺនៅតែជាទីលានសាកសពរថយន្ត ព្រោះវាមើលទៅដូចជាដួងវិញ្ញាណទាំងនោះមិនទាន់បានទៅចាប់កំណើតនៅឡើយទេ។
៦. ផ្លូវជើងកប ផ្លូវកោងរ៉ាតឆាដា ក្រុងបាងកក ដែលសម្លាប់ជីវិតមនុស្សច្រើនជាង១០០នាក់៖
ផ្លូវមួយនេះត្រូវបានគេជឿថាជាផ្លូវដែលមានជើងកប ព្រោះតែវាបានឆក់យកជីវិតមនុស្សច្រើនជាង១០០នាក់ទៅទៀត។ នៅពេលដែលអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវមួយនេះអ្នកនឹងបានឃើញដើមឈើធំមួយដែលមានពោរពេញទៅដោយក្រដាសសែន សំណែន និងបាច់ផ្កាបួងសួងសុំក្តីសុខ ព្រោះតែផ្លូវនេះគឺជាផ្លូវដែលមានគ្រោះថ្នាក់ជាញឹកញាប់នៅក្រុងបាងកក ប្រទេសថៃ។ អ្នកដែលរស់រានបន្ទាប់ពីជួបឧប្បតិវហេតុគ្រោះថ្នាក់ បានឲ្យដឹងថាពួកគេបានឃើញស្រមោលខ្មៅលោតចេញពីដើមឈរធំ មកមុខរថយន្តរបស់ពួកគេដែលជាហេតុធ្វើឲ្យមានគ្រោះថ្នាក់។ អ្នកខ្លះមានជំនឿថាព្រលឹងខ្មោចដែលស្លាប់បាននៅចាំទីនេះ ដើម្បីរង់ចាំយកព្រលឹងដទៃទៀតទៅជំនួសកន្លែងពួកគេ។ ហេតុដូចនេះប្រសិនបើអ្នកបានឆ្លងកាត់ទីនេះកុំភ្លេចបួងសួងសុំសេចក្តីសុខផង។
ទីតាំង៖ ផ្លូវរ៉ាតឆាដា ក្រុងបាងកក។
៧. អគារ Thai Zhong ៣២ជាន់ដែលត្រូវគេបោះបង់ចោល៖
អគារមួយនេះត្រូវបានគេឲ្យឈ្មោះថាជាអគារសាងសង់សម្រាប់សាកសពមនុស្សទាំង៥។ អស់រយៈពេល២០ឆ្នាំដែលអគារនេះត្រូវបានគេបោះបង់ចោល គេបានប្រទះឃើញសាកសពចំនួន៥ក្នុងសភាពគួរឲ្យខ្លាច ដោយសាកសព៣គឺបានលោតសម្លាប់ខ្លួនពីលើអគារ សាកសពបានរកឃើញបាក់ដៃ បាក់ជើង និងឆ្អឹងដោយត្រូវគេវាយឲ្យស្លាប់ និងមួយទៀតគឺចងកសម្លាប់ខ្លួនដោយបន្សល់នៅសារមួយដល់គូស្នេហ៍ថា៖ «ព្យាយាមចងចាំនូវអ្វីល្អៗ សុំទោសប្រសិនបើវាមិនទាន់គ្រប់គ្រាន់»។ ក្រុមអ្នកអ្នករត់ម៉ូតូឌុបដែលបានឆ្លងកាត់ទីនេះតែងនិយាយថា មានពេលខ្លះពួកគេបានឃើញស្រមោលខ្មៅរបស់មនុស្សលោតពីលើអគារ ម្តងហើយម្តងទៀត ដែលប្រៀបដូចជាការដាក់ទោសខ្លួនឯង។ បច្ចុប្បន្ននេះអគារមួយនេះកំពុងទទួលបានគម្រោងសាងសង់ថ្មីឡើងវិញជាខុនដូ សំណួរសួរថាតើអ្នកហ៊ានស្នាក់នៅដែរឬទេ?
ទីតាំង៖ ភូមិបាងណា សង្កាត់បាងណា ក្រុងបាងកក។
៨. ផ្ទះបនដែលបង្កប់នូវផ្នូរដាក់សាកសពនារីរកស៊ីផ្លូវភេទ៖
ពេលខ្លះអ្នកអាចគិតថារឿងដែលគួរឲ្យខ្លាចកើតឡើងនៅពេលដែលដែលអគារមួយនោះត្រូវបានគេបោះបង់ចោល ប៉ុន្តែសម្រាប់ទីនេះគឺមិនមែននោះឡើយ។ ៤០ឆ្នាំមុនផ្ទះដែលត្រូវគេបោះបង់ចោលនេះគឺជាផ្ទះបនពេស្យាចារដ៏ល្បីឈ្មោះមួយប្រចាំប្រទេសថៃ ដោយនារីមួយចំនួនយល់ព្រមធ្វើការ ឯមួយចំនួនទៀតត្រូវបានបោកបញ្ឆោត និងធ្វើទាំងបង្ខំចិត្ត។ ប៉ុន្តែភាគច្រើននៃនារីទាំងនោះសុទ្ធតែបានជួបទារុណកម្មព្រៃផ្សៃដែលយើងទាំងអស់គ្នាមិននឹកស្មានដល់។ គេពុំបានដឹងឡើយថាចំនួននារី និងក្មេងដែលបានស្លាប់នៅទីនេះគឺមានច្រើនប៉ុណ្ណាទេ តែអ្វីដែលដឹងភាគច្រើនដែលស្លាប់គឺបណ្តាលមកពីទារុណកម្មផ្លូវកាយ ជម្ងឺ និងការរំលូតកូនខុសច្បាប់ ដែលគេឲ្យឈ្មោះទីនេះថា “ផ្នូរស្រីពេស្យាចារ”។ មកទល់សព្វថ្ងៃនេះទីនេះនៅតែត្រូវគេចាក់សោបោះបង់ចោល ភស្តុតាងនៃរឿងភ័យខ្លាចទាំងនោះគឺនៅស្ថិតកន្លែងដដែលដោយគ្មាននរណាហ៊ានប៉ះពាល់។ អ្វីដែលគួរឲ្យខ្លាចនោះគឺបន្ទប់ក្រោមដីដែលគ្មាននរណាម្នាក់ក្លាហានគ្រប់គ្រាន់ហ៊ានចុះទៅទីនោះឡើយ ដោយគ្រប់គ្នាបានសន្និដ្ឋានថាជាបន្ទប់ឃុំឃាំងនារីៗទាំងនោះដើម្បីធ្វើទារុណកម្ម។
ទីតាំង៖ ភូមិថាឡូ ស្រុកថាមួង ខេត្តកានចាណាក់បុរី ប្រទេសថៃ។
៩. ព្រលឹងនារីយកជីវិតនៅលើស្ពានដែក ខេត្តឆាក់ឈើងសៅ៖
យប់មួយនៃខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ នារីម្នាក់ត្រូវបានគេជយយសង្គ្រោះទាន់ពេលវេលា បន្ទាប់ពីនាងបំរុងលោតសម្លាប់ខ្លួននៅលើស្ពានទន្លេបាងផាកុង ខេត្តឆាក់ឈើងសៅ ប្រទេសថៃ។ ក្រោយពេលដែលនាងដឹកសតិបន្ទាប់ពីរវើរវាយ នាងបានរៀបរាប់ឲ្យដឹងថានៅពេលដែលនាងកំពុងបើកឡានឆ្លងកាត់ទីនេះ នាងបានឃើញនារីម្នាក់ស្លៀកឈុតពណ៌ក្រហមអង្គុយនៅលើបង្កាន់ដៃស្ពានដែក លើកដៃគ្រវីមុននឹងលោតចុះទៅក្នុងទន្លេ។ ឃើញបែបនេះនាងក៏ប្រញ៉ាប់ចតឡាន ហើយរត់ទៅកន្លែងកើតហេតុដើម្បីជួយ ស្រាប់តែពេលនាងមានសតិត្រលប់មកវិញបែជានាងជាអ្នកដែលត្រូវគេជួយ និងហាមឃាត់កុំឲ្យលោតទៅវិញ។ តាមអ្នកភូមិទីនោះបានឲ្យដឹងថា នាងមិនមែនជាមនុស្សទីមួយនោះឡើយ ជារៀងរាល់ឆ្នាំមានមិនតិចជាង៦០ករណីនោះទេ ដែលបានជួបរឿងបែបនេះ ដោយពួកគេគឺជួបរឿងស្រដៀងៗគ្នា តែភាគតិចណាស់ដែលអាចនៅរស់រានមានជីវិតនោះ។
ទីតាំង៖ ស្ពានទន្លេបាងផាកុង ភូមិថាខាំ ស្រុកបាផាកុង ខេត្តឆាក់ឈើងសៅ ប្រទេសថៃ។
១០. ផ្នូរកប់ខ្មោចវត្តដុន៖
ប្រសិនបើអ្នកសាកសួរប្រជាជនថៃតើទីណាជាកន្លែងដែលគួរឲ្យខ្លាចបំផុតក្នុងក្រុងបាងកក ពួកគេមុខជានិយាយថា បច្ឆាវត្តដុន ជាក់ជាមិនខាន ដែលពាក្យនេះមានន័យជាផ្នូរកប់ខ្មោចក្នុងវត្តដុន ក្រុងបាងកក។ អស់រយៈពេលជាង៥០ឆ្នាំមកហើយ ដោយដីផ្នូរនេះនៅតែតាមលងបន្លាចមនុស្ស ព្រោះតែវាជាទីកប់ខ្មោចដែលមានសាកសពមនុស្សជាង១០,០០០នាក់ បានកប់នៅទីនេះ ហើយភាគច្រើនផ្នូរទាំងនោះគឺគ្មានឈ្មោះនោះទេ ព្រោះសុទ្ធសឹងជាខ្មៅតៃហោង និងខ្មោចគ្មានសាច់ញាតិ។ អ្នកបើកតាក់ស៊ីភាគច្រើនតែងតែព្យាយាមជៀងវាងការដឹកភ្ញៀវមកកាន់តំបន់នេះ ព្រោះតែអ្នករត់តាក់ស៊ីមួយចំនួនធំបាននិយាយថាពេលដែលពួកគេទៅទទួលភ្ញៀវនៅទីនោះ គេតែងឃើញភ្ញៀវទាំងនោះភាគច្រើនរងរបួសមានឈាម។ អ្នកខ្លះទៀតនិយាយថាពួកគេទម្លាក់ភ្ញៀវម្នាក់ចុះ បែរជាបានភ្ញៀវមិនបានអញ្ជើញម្នាក់ថ្មីទៅវិញ។ ប្រជាជននៅតំបន់ក្បែរនោះបាននិយាយថា ជារឿយៗពួកគេតែងឃើញក្រុមតាក់ស៊ីដែលចេញពីទីនោះជាមួយនរណាម្នាក់មានរបួសធ្ងន់ខ្លួនសុទ្ធតែឈាម ខ្លះបាក់ដៃ បាក់ជើង មានពេលខ្លះអង្គុយកៅអីក្រោយ ពេលខ្លះអង្គុយក្បែរតៃកុងក៏មាន។
ទីតាំង៖ វត្តដុន សង្កាត់សាធុន ក្រុងបាងកក ប្រទេសថៃ។
១១. អគារខ្មោច Sathorn Unique ក្រុងបាងកក៖
ជឿជាក់ថាអ្នកដែលធ្លាប់ទស្សនាខ្សែភាពយន្តរឿង The Promise ឬ មិត្តជាទីនឹករលឹក មុខជាបានស្គាល់ច្បាស់នូវអគារចំណាស់មួយនេះ ដែលជាអគារមួយត្រូវបានគេបោះបង់ចោលដោយសារតែជួបវិបត្តិសេដ្ឋកិច្ចឆ្នាំ ១៩៩៧។ មកទល់ពេលបច្ចុប្បន្ននេះអគារនេះនៅតែត្រូវបានចាត់ទុកថាជាអគារខ្មោចដ៏គួរឲ្យខ្លាចមួយដែលទីតាំងស្ថិតនៅចំកណ្តាលក្រុងបាងកក ព្រោះតែមានរឿងរ៉ាវចម្លែកៗជាច្រើនបានកើតឡើង ហើយពុំទាន់មាននរណាម្នាក់ហ៊ានប៉ះពាល់ឬធ្វើការកែច្នៃទម្រង់អគារនេះឡើយ ដោយទុកវាចោលនៅឯកឯងកណ្តាលទីក្រុង។
ទីតាំង៖ កណ្តាលក្រុងបាងកក ប្រទេសថៃ៕



























