បង្ក្រាបក្រុមជនជាតិចិន បង្ខាំងចិនគ្នាឯងទុកក្នុងកាស៊ីណូនៅក្រុងព្រះសីហនុ ហើយសមត្ថកិច្ចរកឃើញមានទាំងកាំបិត និងកាំភ្លើងទៀត
ក្រុងព្រះសីហនុ-(ដំណឹងបឋម) សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីជនជាតិចិនចាប់ជនជាតិចិនដូចគ្នាបង្ខាំងទុក នៅកាសុីណូមួយកន្លែងក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ(ឧតុនិយម) កាលពីយប់មុនពាក់កណ្តាលអាធ្រាត្រថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ ហើយក្នុងប្រតិបត្តិការនេះនគរបាលឃាត់ខ្លួនជនសង្សយ័ចំនួន៧នាក់ ដកហូតកាំភ្លើងខ្លីមួយដើម គ្រាប់មួយចំនួន និងកាំបិតតូច២ដើម។ នៅក្នុងប្រតិបត្តិការនេះដែរសមត្ថកិច្ចក៍ជួយរំដោះយកបុរសជនជាតិចិនចំនួន៤នាក់ដែលជាជនរងគ្រោះផងដែរ។
សមត្ថកិច្ចបញ្ជាក់ថា ដោយមានបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ជួននណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌបានចុះទៅដល់ទីតាំងកាសុីណូកន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍រំដោះយកជនរងគ្រោះ ក្រោយមានសេចក្កីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានជនជាតិជនជាតិចិនពីរក្រុម បានវាយតប់គ្នា នៅខាងមុខកាស៊ីណូរួចមក។
ក្រោយចុះដល់ទីតាំងកើតហេតុ សមត្ថកិច្ចបានត្រួតពិនិត្យរកឃើញ ជនជាតិចិនចំនួន ៤ នាក់ដែលត្រូវបានបុគ្គលិកកាស៊ីណូវាយខ្នោះ បង្ខាំងទុកនៅក្នុងបន្ទប់ ដោយមិនទាន់ដឹងមូលហេតុ។ បន្ទាប់មកទៀតនគរបាលក៍បានឃាត់ខ្លួនជនជាតិចិន ដែលជាប់ពាក់ព័ន្ធ និងការបង្ខាំងមនុស្សចំនួន ៧នាក់នេះ បញ្ជូន មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បី សាកសួរ និងកសាងនីតិវិធី អនុវត្តទៅតាមផ្លូវច្បាប់ ។ ចំណែកជនរងគ្រោះទាំង៤នាក់រួមនិងគ្រួសាររ នគរបាលក៍បាននាំយកទៅសាកសួរតាមនិតិវិធីដែរ៕

ប្រភព៖ លោក Huy Bunleng








