ការស្លាប់ដោយសារជំងឺសួតទាក់ទងនឹងការប្រើប្រាស់បារីអេឡិចត្រូនិក បានកើនដល់ ៤នាក់ និង ៤៥០នាក់ផ្សេងទៀត មានសុខភាពចុះទ្រុឌទ្រោម
មន្រ្តីសុខាភិបាលបាននិយាយនៅថ្ងៃសុក្រថា ជំងឺសួតដែលទាក់ទងទៅនឹងការជក់បារីអេឡិចត្រូនិកបានសម្លាប់មនុស្សចំនួន ៤នាក់ ហើយអាចជាមូលហេតុដែលធ្វើឱ្យសុខភាពជនរងគ្រោះចំនួន ៤៥០នាក់ នៅទូទាំងរដ្ឋចំនួន ៣៣ របស់សហរដ្ឋអាមេរិក កាន់តែចុះទ្រុឌទ្រោម។ រហូតមកដល់ពេលនេះមានករណីចំនួន ២១៥ ត្រូវបានបញ្ជាក់ ហើយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) នៅតែពង្រីកការស៊ើបអង្កេតរបស់ពួកគេយ៉ាងខ្លាំងក្លាបំផុត។ ក្នុងចំណោមជនរងគ្រោះមានម្នាក់អាយុទើបតែ ១៨ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែពេលធ្វើការស្គេនរួចឃើញថា គាត់មានសួតដូចមនុស្សអាយុ ៧០ឆ្នាំ ហើយគាត់បានជក់បារីអេឡិចត្រូនិកនេះ ២ឆ្នាំមកហើយ។

ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យហាវ៉ាដបានហៅជំងឺនេះថា “ជំងឺរាតត្បាតកើតឡើងយ៉ាងគួរឱ្យព្រួយបារម្ភ” ដែលត្រូវបានចេញផ្សាយនៅក្នុង New England Journal of Medicine ចេញផ្សាយកាលពីថ្ងៃសុក្រនេះ។ ជំងឺសួតធ្ងន់ធ្ងរភាគច្រើន ប៉ុន្តែមិនមែនទាំងអស់នោះទេ ពាក់ព័ន្ធនឹង THC ដែលជាធាតុផ្សំនៅក្នុងថ្នាំជក់ ក៏ដូចជាជាតិនីកូទីន ប៉ុន្តែ FDA បានដាក់ការសង្ស័យលើប្រេងវីតាមីនអ៊ី (vitamin E oil-derivative) ។ ហើយថ្មីៗនេះមន្រ្តីសុខាភិបាលរដ្ឋ Indiana ក៏បានបញ្ជាក់ករណីដូចគ្នា ដែលមនុស្សពេញវ័យម្នាក់បានស្លាប់ដោយសារមានជំងឺសួតធ្ងន់ធ្ងរនេះ។ ចំណែកករណីស្លាប់ទី៤ ត្រូវបានបញ្ជាក់ដោយមន្រ្តីសុខាភិបាលនៅរដ្ឋ Minnesota ៕





អត្ថបទ៖ លីដា