អន្តរជាតិ
កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ២លើកបន្ថែមទៀត មុនត្រៀមជួបពិភាក្សាជាមួយសហរដ្ឋអាមេរិកនៅចុងខែកញ្ញា
BY autoadmin
September 10, 2019
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងនិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ២លើក នៅព្រឹកថ្ងៃអង្គារនេះ។ មន្ត្រីយោធានិយាយថា គ្រាប់ផ្លោងនេះត្រូវបានបាញ់ចេញពីខេត្ត Phyongan ភាគខាងត្បូង ហើយហោះទៅទិសខាងកើត។ វាជាលើកទី៨ ហើយចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា ដែលប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល។ យោធាកូរ៉េខាងត្បូង និងយោធាអាមេរិកកំពុងប្រមូល និងវិភាគព័ត៌មាន។
នៅយប់ថ្ងៃច័ន្ទអនុរដ្ឋមន្រ្តីការបរទេសទីមួយរបស់កូរ៉េខាងជើងលោក Choe Son Hui បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ទីក្រុងព្យុងយ៉ាងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីមានការពិភាក្សាដ៏ទូលំទូលាយជាមួយសហរដ្ឋអាមេរិកនៅចុងខែកញ្ញា។ ការបាញ់បង្ហោះចុងក្រោយត្រូវបានចាត់ទុកថា ជាការប៉ុនប៉ងរបស់កូរ៉េខាងជើង ដើម្បីបង្ហាញបច្ចេកវិទ្យាមីស៊ីលរបស់ខ្លួន និងដាក់សម្ពាធលើរដ្ឋាភិបាលអាមេរិក៕

អត្ថបទ៖ លីដា