ក្រុមហ៊ុនជីវបច្ចេកវិទ្យាចិនមួយ បានផលិតឆ្មាក្លូនដំបូងបង្អស់យ៉ាងជោគជ័យ
ក្រុមហ៊ុនផលិតជីវបច្ចេកវិទ្យាចិនមួយបានផលិតឆ្មាក្លូនដំបូងបង្អស់របស់ប្រទេសកាលពីខែមុន ដែលផ្តល់នូវដំណោះស្រាយសម្រាប់ម្ចាស់ឆ្មា ដែលឈឺចិត្តដោយសារការស្លាប់របស់សត្វចិញ្ចឹមជាទីស្រឡាញ់ពួកគេ។ ឆ្មាពូជ British Shorthair ដែលបានស្លាប់ និងត្រូវបានម្ចាស់យកទៅក្លូន (clone) មានឈ្មោះថា Dasuan (Garlic ជាភាសាអង់គ្លេស) ហើយបានកើតមកវិញនៅថ្ងៃទី២១ ខែកក្កដា រយៈពេល ៦៦ថ្ងៃ បន្ទាប់ពីការផ្ទេរអំប្រ៊ីយ៉ុងដោយជោគជ័យនៅក្នុងមន្ទីរពិសោធន៍ Sinogene ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។
Dasuan ពេលមិនទាន់ស្លាប់
លោក Huang Yu ដែលជាម្ចាស់របស់ Dasuan បាននិយាយថា ឆ្មារបស់គាត់បានស្លាប់ដោយសារជំងឺ កាលពីខែមករា។ បើមិនព្រោះតែភាពធ្វេសប្រហែសរបស់គាត់ទេ Dasuan មានអាយុ ៣ឆ្នាំ ហើយពេលនេះ។ ដំបូងឡើយលោក Huang Yu បានយកវាទៅកប់ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក គាត់ក៏បាននឹកឃើញថា នៅប៉េកាំងមានមន្ទីរផលិតជីវមួយ ដែលធ្លាប់បានក្លូនឆ្កែយ៉ាងជោគជ័យកាលពី ឆ្នាំ២០១៧ ដូច្នេះពួកគេអាចមានសមត្ថភាពក្លូនឆ្មារបស់គាត់។ ក្រោយមកគាតក៏បានយក Dasuan ទៅក្លូន ហើយទីបំផុតគាត់ក៏ទទួលបានឆ្មាថ្មីមួយយ៉ាងស្រស់ស្អាត។
ទោះបីជាវាមិនមានពណ៌ដិតដូចជា Dasuan ពីមុន ហើយក៏ដោយសារតែមេបង្កាត់របស់វាមិនមែនជាពូជ British Shorthair ផងនោះ លោក Huang Yu នៅតែនិយាយថា “ឆ្មាក្លូននេះវាពិតជាដូចឆ្មាចាស់របស់គាត់ ៩០% មែន” ។ ចំណែកក្រុមបុគ្គលិកដែលបានវះកាត់យកកោសិការបស់ Dasuan ទៅក្លូនបានឱ្យដឹងថា ពួកគេត្រូវការសម្រេចចិត្តភ្លាមៗ ហើយបើមិនព្រោះតែម្ចាស់របស់ឆ្មាកប់វាទុក ៦ម៉ោង ទើបនាំមករកពួកគេ ម៉្លេះ Dasuan ថ្មីអាចនឹងមានរូបរាង និងចរិតដូច Dasuan ពីមុនអីចឹង៕
Dasuan ពេលក្លូនរួច

អត្ថបទ៖ លីដា