Alibaba នឹងត្រូវប្រឈមជាមួយការប្រកួតប្រជែងដ៏ធំមួយ ស្របពេលលោក Jack Ma ត្រូវចូលនិវត្តន៍នៅថ្ងៃនេះ
ប្រធានក្រុមហ៊ុន Alibaba Group លោក Jack Ma នឹងលាឈប់ពីក្រុមហ៊ុន នៅថ្ងៃទី១០ ខែកញ្ញា នេះហើយ ដោយបន្សល់ទុកនូវនូវភារកិច្ចដ៏លំបាកឱ្យអ្នកស្នងតំណែងរបស់លោក ក្នុងការដឹកនាំក្រុមហ៊ុនដែលមានតម្លៃ ៤៦០ពាន់លានដុល្លារអាមេរិក ចំពេលដែលទីផ្សារជំនួញអេឡិចត្រូនិក (e-commerce) តាមប្រព័ន្ធអ៊ីនធឺណេតរបស់ខ្លួនបានបន្ដធ្លាក់ចុះយ៉ាងខ្លាំង។

លោក Jack Ma សព្វថ្ងៃមានអាយុ ៥៥ឆ្នាំ នឹងត្រូវរៀបចំពិធីជប់លៀងលាគ្នានៅឯពហុកីឡាដ្ឋានកីឡាអូឡាំពិកហាំងចូវ ដែលមានសមត្ថភាពអាចផ្ទុកអ្នកចូលរួម ៨០,០០០នាក់ អមដោយការប្រគុំតន្ត្រី និងការសម្តែងល្បីៗ។ អ្នកចូលរួមនឹងសង្ឃឹមថា អាចទទួលបានការយល់ដឹងអំពីរបៀបដែលក្រុមហ៊ុន Alibaba នឹងត្រូវដំណើរការក្រោមការគ្រប់គ្រងរបស់ Daniel Zhang ដែលជាអ្នកស្នងតំណែងបន្ដពីគាត់។
លោក Daniel Zhang ត្រូវបានគេឱ្យដឹងថា មានភាពផ្ទុយស្រឡះពីលោក Ma ដែលធ្វើឱ្យគាត់ក្លាយជាសហគ្រិនជនជាតិចិនបន្ទាប់ ដែលមានការចាប់អារម្មណ៍បំផុត ចាប់តាំងពីលោក Jack Ma អតីតគ្រូបង្រៀនភាសាអង់គ្លេសរូបនេះ បានបង្កើតក្រុមហ៊ុន Alibaba កាលពី ២០ឆ្នាំមុន នៅក្នុងផ្ទះល្វែងតូចមួយនៅទីក្រុងហាំងចូវ ភាគខាងកើតប្រទេសចិន៕


អត្ថបទ៖ លីដា