មិនគួរឲ្យជឿ! បាត់កាមេរ៉ាក្នុងសមុទ្រជាង 2ឆ្នាំ ឥឡូវរកឃើញវិញ ថែមទាំងនៅដំណើរការធម្មតាទៀត
- March 30, 2018
រឿងដ៏អស្ចារ្យនៃការធ្វើដំណើរដ៏មិនគួរឲ្យជឿរបស់ម៉ាស៊ីនថតមួយ បានផុសឡើងនៅក្នុងទ្វីបអាស៊ី ហើយកាមេរ៉ានោះគឺជារបស់ក្រុមហ៊ុន Canon ដែលត្រូវបានបាត់បន្ទាប់ពីធ្លាក់ចូលទៅក្នុងសមុទ្រអស់រយៈពេលជាង 2ឆ្នាំ។ រហូតមកដល់ពេលបច្ចុប្បន្ន វាត្រូវបានគេរកឃើញវិញហើយ ឯអ្នកដែលជាម្ចាស់ក៏ត្រូវបានគេស្គាល់ដែរ។

កាលពីថ្ងៃច័ន្ទកន្លងទៅនេះ សិស្សមួយក្រុមរបស់សាលាមួយ បានធ្វើការសម្អាតឆ្នេរសមុទ្រនៃប៉ែកខាងជើងកោះតៃវ៉ាន់ ហើយក្មេងប្រុសវ័យ 11ឆ្នាំម្នាក់បានរកឃើញរបស់ម៉្យាងដែលត្រូវបានហ៊ុមព័ទ្ធដោយខ្យងសមុទ្រ និងសម្រាមពេញមើលមិនយល់ឡើយ។
ក្រោយមក របស់នោះត្រូវបានសម្អាត ហើយគេស្គាល់ថាវាប្រអប់ការពារទឹកសម្រាប់កាមេរ៉ា។ នៅក្នុងនោះ គឺជាកាមេរ៉ាមួយរបស់ក្រុមហ៊ុន Canon ម៉ូដែល G12 ដែលបើកចោលរហូត ឯថាមពលថ្មដែលនៅក្នុងនោះក៏នៅសល់ខ្លះដែរថ្វីបើកាមេរ៉ាបើកចោលមែន ព្រោះវាត្រូវបានបិទដោយស្វ័យប្រវត្តិ។
បន្ទាប់ពីដឹងថាវាគឺជាកាមេរ៉ា អ្នកគ្រូដែលជាអ្នកដឹកនាំកម្មវិធីសម្អាតឆ្នេរសមុទ្រឈ្មោះ Park Lee បានចូលមើលទៅក្នុងកាមេរ៉ានោះ រួចឃើញរូបភាពរបស់ស្ត្រីម្នាក់កំពុងធ្វើដំណើរកំសាន្តវិស្សមកាលក្នុងប្រទេសជប៉ុន។ ទោះជាយ៉ាងណា ពត៌មានមួយចំនួនដែលរក្សាទុកត្រូវបានខូច តែរូបភាពចុងក្រោយដែលបានថតគឺតាំងពីថ្ងៃទី07 ខែកញ្ញា ឆ្នាំ2015 មកម្លេះ។ តាមរយៈរូបភាពនេះ យើងអាចសន្មត់បានថា ម្ចាស់កាមេរ៉ាគឺជាជនជាតិជប៉ុន ដែលរស់នៅលើកោះ Ishigaki។ បន្ទាប់មកទៀត អ្នកគ្រូក៏បានសម្រេចបង្ហោះការរកឃើញនេះនៅលើ Facebook ដើម្បីស្វែងរកម្ចាស់កាមេរ៉ានេះ។

មិនដល់ 48ម៉ោងផង មិត្តភក្ដិរបស់ម្ចាស់កាមេរ៉ាបានមើលឃើញការបង្ហោះនេះ រួចបានបញ្ជាក់ថា ម្ចាស់កាមេរ៉ាមានឈ្មោះ Serina Tsubakihara ហើយនាងគឺជានិស្សិតឆ្នាំទី3 នៃសាកលវិទ្យាល័យ Sophia ក្នុងទីក្រុង Tokyo។ Tsubakihara បានធ្វើដំណើរកំសាន្តមួយកាលពីខែកញ្ញា ឆ្នាំ2015 ក្នុងកោះ Ishigaki ដែលមានចម្ងាយប្រមាណជា 155ម៉ាយពីប៉ែកខាងកើតកោះតៃវ៉ាន់។ បន្ទាប់មក នាងក៏បានជ្រុះបាត់កាមេរ៉ាពេលកំពុងមុជក្នុងទឹក។
យោងតាមការបញ្ជាក់នេះ អាចឲ្យយើសន្មត់បានថា កាមេរ៉ាដែលបាត់អស់ 2ឆ្នាំនេះបានធ្វើដំណើរជាង 155ម៉ាយពីភាគខាងលិច ទៅច្រាំងកោះតៃវ៉ាន់។ ឥឡូវនេះ កាមេរ៉ាដែលរកឃើញនោះត្រូវបានបញ្ជូនទៅឲ្យម្ចាស់ដើមវិញហើយ។
ប្រភព៖ petapixel
- Share This Post:

















