ព័ត៌មានជាតិ
មានដឹងអត់ថា អតីតមន្រ្តីប៉ូលីសជប៉ុន និងអតីតអ្នកស្ម័គ្រចិត្តជប៉ុន ២រូបបានបាត់បង់ជីវិត និងតម្កល់នៅវត្តអារាមរបស់ខ្មែរ?
BY Khmernote Media
September 11, 2019
ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុន មិកាមិ បានអញ្ជើញទៅកាន់ទីតម្កល់ស្លាកវិញ្ញាណក្ខន្ធ របស់លោក ហារឹយូគី តាកាតា នៅក្នុងវត្តតាំងកសាង និងទីតម្កល់ស្លាកវិញ្ញាណក្ខន្ធរបស់លោក អាត្សឹហ៊ីតុ ណាកាតា នៅក្នុងវត្តឧណ្ណាឡោម។ លោក តាកាតា គឺជាអតីតមន្រ្តីប៉ូលីសជប៉ុន ដែលត្រូវបានរដ្ឋាភិបាលជប៉ុន បញ្ជូនមកចូលរួមសកម្មភាពអ៊ុនតាក់នៅខេត្តបន្ទាយមានជ័យ។
លោកណាកាតា គឺជាអតីតអ្នកស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ និងបានធ្វើការជាអ្នកសង្កេតការណ៍បោះឆ្នោតរបស់អ៊ុនតាក់ នៅខេត្តកំពង់ធំ។ អ្នកទាំងពីររូប ត្រូវបានសម្លាប់ និងបាត់បង់ជីវិតកំឡុងបេសកកម្មរបស់ពួកគាត់នៅកម្ពុជា។ ឯកឧត្តម មិកាមិ រំឮកដល់ការលះបង់របស់ពួកគាត់សម្រាប់សន្តិភាពនៃកម្ពុជា និងបួងសួងសូមឲ្យ វិញ្ញាណក្ខន្ធរបស់ពួកគាត់ទៅកាន់សុគតិភព៕

ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា

