ច្បាស់ការហើយ OnePlus 7T នឹងបង្ហាញខ្លួននៅថ្ងៃ២៦ ខែកញ្ញា ខាងមុខនេះ
- September 17, 2019
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន OnePlus បានធ្វើការប្រកាសជាផ្លូវការថា OnePlus 7T Series របស់ខ្លួននឹងបង្ហាញជាផ្លូវការនៅថ្ងៃទី២៦ ខែកញ្ញា ឆាប់ៗខាងមុខនេះនៅប្រទេសឥណ្ឌា និងអាមេរិកខាងជើង។ ស្មាតហ្វូនចំនួន២ម៉ូដែល ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននោះមានដូចជា OnePlus 7T និង 7T Pro ដែលស្មាតហ្វូននេះជាការអាប់ដេតបន្ថែមពីលើម៉ូដែលមុនគឺ OnePlus 7 និង 7 Pro។
តាមរយៈលិខិតអញ្ជើញគឺមិនបានបង្ហាញព័ត៌មានលំអិតអ្វីច្រើននោះទេ ក្រៅពីពាក្យ 90Hz ដែលបញ្ជាក់ពីល្បឿនអូសអេក្រង់ ដែលមាននៅលើ OnePlus 7 Pro។ កាលពីជំនាន់មុន ល្បឿនអេក្រង់ 90Hz មានសម្រាប់តែម៉ូដែល Pro ប៉ុណ្ណោះ ហើយលើកនេះល្បឿនអេក្រង់ដ៏រអិលនេះទំនងជាមាននៅលើម៉ូដែល OnePlus 7T ដែរ ប៉ុន្តែទោះជាយ៉ាងរងចាំមើលទាំងអស់គ្នានៅថ្ងៃប្រកាសជាផ្លូវការ។
ចំពោះពាក្យចចាមអារាមផ្សេងៗត្រូវបានលើកឡើងថា OnePlus 7T series មិនសូវជាកែប្រែរូបរាងឡើយ ដោយគ្រាន់តែធ្វើការអាប់ដេតកម្លាំងម៉ាស៊ីនខាងក្នុងប៉ុណ្ណោះ ដោយប្រើបន្ទះឈីបចុងក្រោយបង្អស់របស់ Qualcomm គឺ Snapdragon 855+ និងបន្ថែមថាមពលថ្មបន្តិចបន្តួចពីជំនាន់មុន គឺពី 4,000mAh ទៅ 4,085mAh នៅលើស៊េរី Pro និងពី 3,700mAh ទៅ 3,800mAh នៅលើស៊េរី 7T៕

អត្ថបទ៖ ឌី
- Share This Post:






