បច្ចេកវិទ្យា

ក្រុមហ៊ុន LG បង្ហោះសារមួយសួរដល់អ្នកប្រើប្រាស់ស្មាតហ្វូន Android ថា គិតយ៉ាងម៉េចដែរជាមួយនឹងរចនាក្បាលឆកនេះ? មិនបានប៉ុន្មានផង សារដែលបង្ហោះនោះត្រូវបានលុបចោលវិញបាត់

BY
Khmernote Media
March 31, 2018

ចំពោះរចនាបទក្បាលឆករបស់ iPhone X ហាក់ដូចជាទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយសម្រាប់ពេលបច្ចុប្បន្ន ក្រុមហ៊ុនផលិតផលស្មាតហ្វូន Android ជាច្រើនបាននឹងកំពុងព្យាយាមចម្លងតាមរចនាបទនេះ។ ដោយឡែក ក្រុមហ៊ុន Asus និង Huawei បានសម្រេចប្រកាសចេញលក់ស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួនហើយ ដែលមានភ្ជាប់មកជាមួយនឹងក្បាលឆក ថែមទាំងតូចជាង iPhone X ទៀត។

កាលពីដើមសប្ដាហ៍នេះ ក្រុមហ៊ុនផលិតស្មាតហ្វូនធំមួយរបស់ប្រទេសចិន OnePlus ក៏បាននឹងកំពុងព្យាយាមប្រើប្រាស់រចនាបទនេះដូចគ្នាដែរ ហើយក្រុមហ៊ុន LG ក៏ដូចគ្នាទៀត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ LG បានបង្ហោះសារមួយក្នុងគេហទំព័រ Reddit ថា តើអ្នកប្រើប្រាស់ស្មាតហ្វូន Android ទាំងអស់គិតយ៉ាងណាដែរជាមួយនឹងក្បាលឆកនេះ? មិនបានប៉ុន្មានផង សារនោះត្រូវបានលុបចោលវិញបាត់។

មិនចាំបាច់ការបកស្រាយ ក៏យើងទាំងអស់គ្នាអាចស្មានដឹងដែរថា តើមូលហេតុអ្វីបានជាក្រុមហ៊ុន LG លុបសារដែលបង្ហោះនោះចោលវិញ។ ជាការពិតណាស់ អ្នកប្រើប្រាស់ស្មាតហ្វូន Android ភាគច្រើនគឺមិនចូលចិត្តក្បាលឆកនេះឡើយ ហើយការបញ្ចេញមតិរបស់ពួកគេ ប្រហែលជាធ្វើឲ្យក្រុមហ៊ុន LG ពិបាកទទួលយក ទើបសម្រេចចិត្តលុបចោលតែម្ដងទៅ។

គួរបញ្ជាក់ផងដែរថា សារដែលត្រូវបានបង្ហោះដោយក្រុមហ៊ុន LG នោះគឺមានអ្នកបញ្ចេញមតិរហូតដល់ 907 ដងឯណោះ ហើយក្នុងចំណោមការបញ្ចេញមតិទាំងអស់នោះ ស្ទើរតែរកអ្នកគាំទ្រម្នាក់គ្មាន។ ដូចនេះ វាគឺជាតម្រុយមួយសម្រាប់ក្រុមហ៊ុន LG ក្នុងការកែប្រែមុនពេលអ្វីៗយឺតពេល។

Fu

ប្រភព៖ bgr

Share This Post: