សង្គម

សត្វចិញ្ចឹមជាច្រើន ត្រូវគេបោះបង់ចោលដោយសារតែទឹកជំនន់ តែសំណាងល្អត្រូវបានក្រុមសង្គ្រោះជួយឲ្យមានចំណី មានកន្លែងជ្រកកោន ជាបណ្តោះអាសន្ន

BY
Khmernote Media
September 23, 2019

ថៃ៖ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលគ្រោះទឹកជំនន់បានធ្វើការវាយលុកប្រទេសថៃ ដោយក្នុងនោះខេត្តអ៊ុប៊ុនថានី ត្រូវបានចាត់ទុកថាជាខេត្តដែលរងគ្រោះខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ថៃ។ មកដល់ពេលនេះកម្ពស់ទឹកគឺពុំទាន់មានការស្រកចុះនៅឡើយទេ ប្រជាពលរដ្ឋរងគ្រោះក៏កំពុងត្រូវបានជម្លៀសចេញពីគេហដ្ឋានទៅកាន់ទីទួលសុវត្ថិភាព ក្រុមអ្នកសង្គ្រោះក៏នៅតែបន្តធ្វើដំណើរស្វែងរកបងប្អូនប្រជាពលរដ្ឋថៃដែលជាប់នៅក្នុងផ្ទះ ឬដើមឈើ ដើម្បីធ្វើការសង្គ្រោះ។

តាមរយៈក្រុមអ្នកជំនួយស្ម័គ្រចិត្តដែលមានគណនីហ្វេសប៊ុកឈ្មោះថា Sittichai Ekaphan (สิทธิชัย เอกพันธุ์) បានឲ្យដឹងថា៖ «ស្របពេលដែលមានគ្រោះទឹកជំនន់នេះ យើងសង្កេតឃើញមានសត្វឆ្កែ ឆ្មា គោ ក្របី និងសត្វចិញ្ចឹមជាច្រើនត្រូវបានម្ចាស់ផ្ទះបោះបង់ ឬក៏ទុកពួកវាចោល មើលទៅយ៉ាងគួរឲ្យអាណិត ព្រោះតែកម្ពស់ទឹកខ្ពស់ និងទីទួលសុវត្ថិភាពនៅឆ្ងាយធ្វើឲ្យសត្វមួយចំនួនធំបានបាត់បង់ជីវិតយ៉ាងអាណោចអធ័ម។ ឃើញបែបនេះខ្ញុំ និងក្រុមអ្នកសង្គ្រោះស្ម័គ្រចិត្តបានព្យាយាមស្វែងរកតង់ និងកៅស៊ូចាស់ៗមកចងធ្វើជាជម្រក និងដាក់ចំណី ដើម្បីឲ្យពួកវាជ្រកបណ្តោះអាសន្ន។ លើសពីនេះពួកយើងក៏នៅតែបន្តជិះទូកស្វែងរក និងជួយសង្គ្រោះទាំងមនុស្ស និងសត្វតាមដែលអាចធ្វើទៅបាន»។

មហាជនទាំងក្នុង និងក្រៅប្រទេសថៃ ជាពិសេសក្រុមអ្នកដែលស្រលាញ់សត្វគឺបានចែករំលែក និងថ្លែងអំណរគុណដល់ក្រុមអ្នកសង្គ្រោះស្ម័គ្រចិត្តទាំងនេះជាខ្លាំង ព្រោះតែមិនត្រឹមតែពួកគេបានស្ម័គ្រចិត្តលះបង់ជួយសង្គមនោះទេ ពួកគេក៏បានជួយសង្គ្រោះជីវិតសត្វអនាថាជាច្រើនផងដែរ៕

ប្រភព៖ สิทธิชัย เอกพันธุ์

Share This Post: