សង្គម

បុរសម្នាក់ខិតខំទំនុកបំរុងគ្រួសាររហូតកូនស្រីទាំងពីរៀនចប់ ម្នាក់ជាពេទ្យ ម្នាក់ជាគ្រូបង្រៀន លុះពេលធ្លាក់ខ្លួនឈឺ ទាំងប្រពន្ធ និងកូនរត់ចោលបាត់មិនដែលមកអើតសួរសុខទុក្ខ

BY
Khmernote Media
September 30, 2019

ថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមថៃ ក្រោយមានករណីឪពុកទំនុកបំរុងកូនរហូតរៀនចប់ ម្នាក់ក្លាយជាពេទ្យ ម្នាក់ជាគ្រូបង្រៀន តែពេលឪពុកធ្លាក់ខ្លួនឈឺ ទាំងប្រពន្ធ និងកូនទាំង២បែរជារត់ចោលគាត់ មិនដែលមកអើតឬសួរសុខទុក្ខឪពុកម្តងណាសោះឡើយ។

លោក សុថាន់ ណុបផាត់ អាយុ ៥៤ឆ្នាំ ដែលត្រូវជាប្អូនប្រុសអ្នកជម្ងឺពិការមួយកំណាត់ខ្លួនឈ្មោះថា សុងសក្តិ អាយុ ៥៦ឆ្នាំ សព្វថ្ងៃកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យឈៀងម៉ៃ បានទម្លាយរឿងរ៉ាវខ្លោចចិត្តនេះឲ្យដឹងថា៖ «បងប្រុសរបស់ខ្លួនជាបុរសល្អម្នាក់ដែលតែងមើលថែក្រុមគ្រួសារ ទាំងប្រពន្ធ និងកូនស្រី២រូប ដោយស្រលាញ់ប្រៀបបានដូចជាកែវភ្នែក ព្រមទាំងទំនុកបំរុងកូនស្រីខ្លួនទាំងពីររហូតរៀនចប់មហាវិទ្យាល័យ ដោយម្នាក់បានក្លាយជាគ្រូពេទ្យ និងម្នាក់ទៀតក្លាយជាគ្រូបង្រៀន។ ក្រោយមកអ្វីៗគ្រប់យ៉ាងផ្លាស់ប្តូរ ជីវិតដែលធ្លាប់តែមានសុភមង្គលបែរជាបាត់បង់ បន្ទាប់ពីគាត់បានជួបឧប្បត្តិវហេតុរអិលដួលក្នុងបន្ទប់ទឹកយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យខ្លួនក្លាយជាមនុស្សពិការគេងជាប់នឹងគ្រែ កាលពី៣ឆ្នាំមុន»។

ដើមឡើយលោក សុងសក្តិ ក៏បានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជិតផ្ទះ តែក្រោយមកក៏ត្រូវក្រុមគ្រួសារបញ្ជូនមកសម្រាកព្យាបាលនៅឯមន្ទីរពេទ្យខេត្តឈៀងម៉ៃ ដោយចំណាយអស់ថវិកាប្រមាណ ១៥,០០០បាតក្នុងមួយខែសម្រាប់ការព្យាបាល។ ក្រោយធ្លាក់ខ្លួនមានជម្ងឺមកគេពុំដែលបានឃើញក្រុមគ្រួសាររបស់លោកមកមើល ឬសួរសុខទុក្ខរូបលោកម្តងណាឡើយ ដោយលោក សុថាន់ ដែលជាប្អូនប្រុសតែងប្រាប់ថាឃើញបងប្រុសខ្លួនគេងយំនឹកកូន។

ខាងក្រុមគ្រួសារ និងសាច់ញាតិក៏បានទាក់ទងទៅភរិយា និងកូនៗទាំងពីររបស់លោកផងដែរ តែពុំអាចទាក់ទងបាននោះឡើយ ព្រោះពួកគេបានប្លកលេខក្រុមគ្រួសារចោលទាំងអស់។ អ្វីដែលកាន់តែខ្លោចចិត្តទៀតនោះគឺអ្នកម៉ាក់របស់លោកដែលមានវ័យ ៧៤ឆ្នាំទៅហើយនោះ តែងចេញចូលមន្ទីរពេទ្យមើលថែទាំគាត់ ដែលធ្វើឲ្យពិបាកភ្នែកដល់ក្រុមគ្រួសារជាខ្លាំង។ មូលហេតុដែលលោក សុងសក្តិ ត្រូវបានក្រុមគ្រួសារផ្លាស់ប្តូរមកធ្វើការព្យាបាលនៅឯខេត្តឈៀងម៉ៃនេះ ព្រោះតែពួកគេទទួលបានដំណឹងថាកូនស្រីរបស់គាត់ដែលជាគ្រូពេទ្យបានបម្រើការងារនៅទីនេះ ដោយសង្ឃឹមថារូបនាងនឹងមើលថែ ព្រមទាំងព្យាបាលគាត់ តែនាងពុំដែលបង្ហាញខ្លួនម្តងណាឡើយ។ ក្រុមគ្រួសារលោកសង្ឃឹមថាដំណឹងនេះ នឹងទទួលដឹងដល់ភរិយា និងកូនទាំង២ ដោយសង្ឃឹមថាពួកគេនឹងមកមើលថែរូបលោក ព្រោះតែគាត់តែងគេងយំនឹកពួកគេគ្រប់ពេល៕

អត្ថបទ៖ មេសា

Share This Post: